មិនលំៗទេ! ផ្លូវល្បឿនលឿននៅកម្ពុជា ប្រើម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវ 3D អាចជំនួសកម្លាំងមនុស្ស ចំណេញពេលវេលា

  • 2021-08-10 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ ពិតជាមិនធម្មតាមែនដោយប្រើសុទ្ធសឹង ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3Dដែលមានកម្រិតច្បាស់លាស់ ។ ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3Dត្រូវបានប្រើសម្រាប់ត្រួសត្រាយស្រទាប់បេតុង (cement stabilized sub-base)និងស្រទាប់កៅស៊ូ (asphalt pavement) ដោយតម្លើងប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិទៅនៅលើម៉ាស៊ីនក្រាលផ្លូវផ្នល់ដែលមានស្រាប់ ប្រៀបនឹងការវាស់ដោយបុគ្គលិកផ្ទាល់ ប្រព័ន្ធស្វ័យប្រវត្តិអាចជួយសន្សំកម្លាំងនិងពេលវេលា។ នេះដោយយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

ទន្ទឹមនេះ កាលពីពេលថ្មីៗនេះ តាមការផ្សាយរបស់ទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ បានឲ្យដឹងផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទទួលបានភាពជោគជ័យដ៏ប្រសើរ ក្រោយការក្រាលស្រទាប់កៅស៊ូក្រាលថ្នល់ (asphalt) នេះជាលើកដំបូងហើយនៅក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់នូវប្រភេទកៅស៊ូក្រាលថ្នល់ (asphalt) កែច្នៃប្រភេទ SBS មានគុណសម្បត្តិច្រើនយ៉ាង ដែលអាចស៊ាំជាមួយកម្តៅថ្ងៃ និងភ្លៀងខ្លាំង ជាពិសេសគឺធន់នឹងការធ្វើដំណើរចរាចរណ៍ច្រើនប្រភេទ និងរក្សានូវអាយុកាលរបស់ការប្រើប្រាស់ផ្លូវថ្នល់បានយូរ។ ដែលកាន់តែពិសេសជាងនេះ គឺពិសេសប្រភេទកៅស៊ូមួយប្រភេទនេះ ត្រូវបានជ្រើសរើសក្រាលនៅស្រទាប់កណ្តាលនៃផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានយ៉ាងស្អាត និងមាំល្អថែមទៀតផង ។

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅ ខេត្តព្រះសីហនុ ប្រវែង ១៩០ គីឡូម៉ែត្រ កំពុងសម្រុកសាងសង់យ៉ាងមមាញឹក មកដល់ពេលនេះរួចរាល់ប្រមាណជាង ៦០% ហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនមួយខ្សែនេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បានប្រាប់ថា ការធ្វើដំណើរតាមផ្លូវនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ ៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ

អត្ថបទដោយ ៖ Su In