កៅ បូរី ថាអ្នកប៉ះសេអាជីពស្រុកខ្មែរ គ្មាន​អ្នកណាស៊ីដាច់កីឡាកររូបនេះឡើយ

  • 2021-08-10 02:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប៉ះសេដៃទី១របស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស កៅ បូរី បានបង្ហាញទស្សនៈថានៅស្រុកខ្មែរមិនទាន់មានអ្នកណាស៊ីដាច់ សួន ចាន់ណារ៉ូ របស់វិសាខាទេក្នុងនាមជាអ្នកប៉ះសេអាជីព។ ចាន់ណាល្អ ព្រោះកីឡាកររូបនេះមានកម្ពស់ខ្ពស់ និងបានហ្វឹកហាត់ជា​ប្រចាំ។

កៅ បូរី

អ្នកប៉ះសេមកពីខេត្តកំពង់ចាមរូបនេះប្រាប់ថា៖ «បើនិយាយ​ពី​បច្ចុប្បន្ន​​ប៉ះសេ អត់​មាន​ណា​គេទៅរួចជាមួយ សួន ចាន់ណារ៉ូទេ ព្រោះអីគេហាត់រាល់ថ្ងៃ ណាមួយជម្រើសជាតិខ្ពស់ផង និយាយទៅអត់មានណាគេស៊ីដាច់គាត់ទេ គាត់ល្អហើយខ្ពស់ទៀត»។

អ្វីដែលបូរីចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺ ចាន់ណារ៉ូចេះដៃឆ្វេងងាយស្រួលក្នុងការលេងបាល់ពីរប៉ះ ដែលធ្វើឱ្យ​គូប្រកួតពិបាកស្មានដឹង។ មិន​តែ​ប៉ុណ្ណោះ ណារ៉ូ​ចេញ​បាល់​នឹង​ហើយ​ស្អាត​ល្អ។

អ្នកប៉ះសេអាជីពដដែលបន្ថែមថា៖ «និយាយទៅឆ្វេងអត្ថប្រយោជន៍ខ្ពស់ ហើយគាត់ខ្ពស់ នៅពេលដែលរ៉ូលវ៉ៃពីរទៅ គាត់អាចពីរប៉ះបានដោយសារគេអត់ដឹងដៃ ដោយសារគាត់ឆ្វេង បើរ៉ូលវ៉ៃពីរគាត់ឈរមុខ បាល់រៀងខ្ពស់ម៉ោគៀកវីឡេ គាត់អាចលោតប៉ះក៏បានគាត់អាចពីរប៉ះក៏បាន ដោយសារគាត់ខ្ពស់ ចឹងគេអត់សូវចាប់អារម្មណ៍គាត់ទេ ទាបអីដូចខ្ញុំអីវាពិបាកហើយអត់ចេះឆ្វេងទៀត»។

សួន ចាន់ណារ៉ូ អ្នកប៉ះសេ​អាជីព​របស់​វិសាខា

បើនិយាយពីសមត្ថភាពរបស់ខ្លួនវិញ កៅ បូរី យល់ថាខ្លួនមានចំណុចខ្វះខាតច្រើន ដោយសារក្លឹបពុំសូវបានហ្វឹកហាត់ ហើយបើមានការប្រកួតផ្លូវការណាមួយ បានតែប្រមូលផ្ដុំក្នុងរយៈពេលខ្លីតែ​ប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ