បិសាចសឺវីស រ៉ាអង្គរក្ស ឈប់ប្រឡូកក្នុងបាល់ទះក្រៅផ្លូវការហើយ?

  • 2021-08-12 03:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នរ៉ាអង្គរក្ស​បាត់មុខពីគីឡូធ្ងន់ក្នុងការប្រកួតមិនផ្លូវការសូន្យ​ឈឹង ខណៈពីមុនស្មាត់​រូប​នេះ​ចាប់​ដៃ​​គូជាមួយស្មាត់រាជ លេងតឱ្យ​គូប្រកួតបីទល់នឹងបួនកក្រើកតាមតារាងបាល់ទះនានានៅរាជ​ធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ តើអ្វីជាមូលហេតុនាំឱ្យ​ស្មាត់ធំរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស បាត់មុខពីពិភពបាល់ទះក្រៅផ្លូវការបែបនេះ?

ក្នុងជំនួបជាមួយ Sabay តាមរយៈប្រអប់សារហ្វេសប៊ុកនាព្រឹកនេះ ប្អូនប្រុសបង្កើតរបស់កីឡាករ ម៉ុន រំុ បានប្រាប់ថាតាមពិតទៅរូបគេបាត់មុខតែនៅពី​គីឡូធ្ងន់ប៉ុណ្ណោះ ​ប៉ុន្តែចំពោះការដើរលេង​គីឡូស្រាលៗតាមស្រុកភូមិគឺនៅមានសកម្មភាពដដែល។ ម្យ៉ាងប្រទេសកំពុងរាំងស្ទះដោយ​សារ​ជំងឺកូវីដ-១៩ និងម្យ៉ាងរវល់នឹងការងារផង និងបង្ហាត់បាល់ទះក្មេងៗជំនាន់​ក្រោយ​ផង ទើបគ្មាន​សកម្មភាពអ្វីធំដុំ និងកក្រើកដូចពីមុន។

ស្មាត់ធំរហស្សនាមបិសាចសឺវីសបានទម្លាយថា ៖«មួយរយៈអត់ទាន់កូវីដ ខ្ញុំលេងតើលេងគីឡូល្មមៗ​រហូតដែរហ្នឹង លេងគីឡូជាមួយក្មេងៗគាត់ឡើងក្រោយ ដល់ពេលកូវីដចុះមកប៉ឹក លែងបានលេងវិញទៀត រហូតទើបមកដល់ឥឡូវ បើកតារាងខ្លួនឯង ចឹងទៅជាប់រវល់មើលការខុសត្រូវតារាង ហើយណាត់គីឡូមកលេងផងដែរ ហើយបង្ហាត់សិស្សបង្ហាត់អីដែរ ចឹងអត់សូវមានពេលទំនេរដើរលេង»។

ចំពោះការវិលមកឡើងសង្វៀនគីឡូធ្ងន់វិញ​ រ៉ាអង្គរក្សក៏កំពុងពិចារណាឡើងវិញដែរ ខណៈសព្វថ្ងៃគេកំពុងហ្វឹកហាត់ខ្លួនឯងឡើងវិញ ព្រោះខានលេងយូររឹងដៃជើងនិងឈឺខ្លួន។

ថ្មីៗនេះស្មាត់រ៉ាបានបង្កើតតារាងបាល់ទះដីក្នុងលំហហ៊ុំព័ន្ធដោយសំណាញ់នៅផ្ទះរបស់ខ្លួនក្នុងភូមិនៅភូមិជ្រោយ ស្រុកគិរីវង់ ខេត្តតាកែវ និងបើកបង្ហាត់សិស្សយកតែថ្លៃទឹកប្រើប្រាស់ប៉ុណ្ណោះ។ ការបង្ហាត់របស់ស្មាត់រូបនេះគឺតាមលក្ខណៈស្តង់ដារ មិនចាប់បោះ ចាប់​បោក និង​ប៉ះសេជាប់ដៃឡើយ។ អ្វីដែលគេធ្វើនេះ​ ដើម្បីចែករំលែកចំណេះដឹងដែលបានរៀនទៅកាន់ក្មេងៗជំនាន់ក្រោយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ