កាន់​ ម៉េងហុង​ ឡើង​មួយ​កម្រិត​ទៀត​ហើយ​សប្ដាហ៍​នេះ​ប៉ះ​ជើង​ចាស់​ យ៉ន​ ពិសី​

  • 2021-09-03 08:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​ខេត្ត​កណ្ដាល​ កាន់​ ម៉េងហុង​ ឈាន​មួយ​កម្រិត​ទៀត​ហើយ​ដោយ​ឡើង​មក​ប៉ះ​ជើង​ខ្លាំង​ចាស់​វស្សា​ យ៉ន​ ពិសី​ សប្ដាហ៍​នេះ​នៅ​សង្វៀន​ PNN​ ខណៈ​ដៃគូ​រូប​នេះ​ធ្លាប់​ប៉ះ​ដូច​ជា​ ប៊ុន​ សុធា​ ធន់​ អេងឡៃ​ ពី​មុន​ទៀត​ផង។​

កីឡាករ កាន់ ម៉េងហុង (រូបភាពហ្វេសបុក ម៉េងហុង)

កូន​សិស្ស​ក្លឹប​នាគរាជចតុមុខ​រូប​នេះ​គឺ​មាន​ការ​ខំប្រឹង​ និង​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​មែន​ជា​ពិសេស​ការ​បង្កើន​សមត្ថភាព​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។​ ម៉េងហុង​ ក៏​ធ្លាប់​ឈ្នះ​ជើង​ចាស់​ ហ៊ឹម​ សេរី​ ពី​មុន​ និង​ធ្លាប់​កំដរ​ សែន​ រ៉ាដេត​ រហូត​បញ្ចប់​១ទឹក​ ៩នាទី​នៅ​ Mas Fight​ ទៀត​ផង។​

ចំពោះ​ការ​ប៉ះ​គ្នា​ជា​មួយ​រៀមច្បង​ យ៉ន​ ពិសី​ កីឡាករ​ កាន់​ ម៉េងហុង​ លើក​ឡើង​ថា​ រូប​គេ​បាន​ត្រៀម​ខ្លួន​បាន​ល្អ​ហើយ​ និង​បារម្ភ​តែ​ម្យ៉ាង​គត់​ខ្លាច​តែ​សុខភាព​មិន​សូវ​អំណោយ​ផល​ប៉ុណ្ណោះ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ក៏​បាន​សរសើរ​ពី​សមត្ថភាព​ យ៉ន​ ពិសី​ ដែរ​ថា​ជា​កីឡាករ​ល្អ​គ្រប់​ក្បាច់​ មិន​ថា​ស្នៀត​ កម្លាំង​ស៊ុហ្វ​ និង​មាន​ភាព​ធន់​គីឺសុទ្ធតែល្អ។​

កីឡាករ យ៉ន ពិសី (រូបភាពហ្វេសបុក ពិសី)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​ខ្មែរ​ និង​ខ្មែរ​រវាង​ កាន់​ ម៉េងហុង​ យ៉ន​ ពិសី​ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៥​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នៅ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​