មាន​អ្នក​ឆ្ងល់​ច្រើន​ពេក? ដំបូង ណា សាឌី ប្រកាស​ទិញ​ផ្ទះ​ដោយ​លាក់​តម្លៃ ឥឡូវ​ប្រាប់​ទាំង​របៀប​ទិញ​ទាំង​តម្លៃ​ផ្ទះ​ហ្មង!

  • 2021-09-08 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ខែ​កញ្ញា ឆ្នាំ​២០២១ តារា​សម្ដែង​ស្រី​វ័យ​ក្មេង ណាសាឌី បង្ហើប​រឿង​ទិញ​ផ្ទះ​១​ល្វែង​ជូន​ប៉ា និង​ម៉ាក់ ប៉ុន្ដែ​នាង​មិន​បាន​បង្ហាញ​ពី​តម្លៃ និង​ទីតាំង​ផ្ទះ​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ប្រាក់​ដែល​ទិញ​នេះ​ជា​កម្លាំង​ញើស​ឈាម​របស់​នាង​ដែល​ខំ​យ៉ាង​តត្រុក​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​អាជីព​សម្ដែង​ទើប​បាន​សម្រេច​នូវ​សេចក្ដី​ប្រាថ្នា​មួយ​នេះ។

តារា​សម្ដែង​រាង​តូច​ច្រឡឹង សម្រស់​ស្រស់​សោភា​រូប​នេះ បាន​ប្រាប់​Sabay ថា នាង​បាន​ទិញ​ផ្ទះ​នេះ​នៅ​បុរី​ប៉េង ហួត បឹង​ស្នោ ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បង់​ជា​ដំណាក់​កាល ខណៈ​ដែល​ផ្ទះ​សាងសង់​ជិត​រួច​រាល់​ហើយ​នោះ។ នៅ​ពេល​ដែល​មហាជន ជា​ពិសេស​អ្នក​គាំទ្រ មាន​មន្ទិល​ពី​ប្រភព​ចំណូល នៃ​ការ​ទិញ​ផ្ទះ​នេះ ត្រូវ​នាង​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា លុយ​នេះ គឺ​ជា​លុយ​របស់​នាង​សុទ្ធ​មាន​លុយ​ប៉ា-ម៉ាក់ ឬ​ពី​អ្នក​ផ្សេង​មក​ជួយ​នោះ​ទេ។

ណាសាឌី៖"លុយ​ខ្ញុំ​សុទ្ធ​បង! ខ្ញុំ​បង់​ជា​ដំណាក់​កាល...ផ្ទះ​នេះ​តម្លៃ​២០​ម៉ឺន​បង អត់​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ណា​ទេ ​ខ្ញុំ​ទិញ​ជូន​ប៉ា​ម៉ាក់​នឹង​ណា"។

ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​ទាំង​តារា​ចម្រៀង ឬ​សម្ដែង​អាជីព និង​តារា​Tik Tok ជា​ដើម សុទ្ធ​តែ​បង្ហាញ ឬ​ចេញ​មុខ​បញ្ជាក់​ពី​ប្រភព​ចំណូល​លើ​ការ​ទិញ​របស់​មាន​តម្លៃ​អ្វី​មួយ​ដូច​ជា៖ ផ្ទះ​ល្វែង វីឡា ឡាន និង​របស់​មាន​តម្លៃ​ផ្សេង​ទៀត ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់ ឬ​មន្ទិល​ពី​មហាជន​ពី​ប្រាក់​ដែល​ត្រូវ​ចំណាយ​ទាំង​នោះ។ ជាក់ស្ដែង​តារា​Tik Tok ម៉ាក់​Leak ទើប​បង្ហាញ​លុយ​ដុល្លារ​ទាំង​បាច់​ទៅ​ទិញ​រថយន្ត​សេរី​ទំនើប ដោយ​បញ្ជាក់​ប្រភព​ចំណូល​នោះ​បាន​មក​ពី​កុងត្រា​ការងារ​ជាមួយ​ថៅកែ​ហាង​ពេជ្រ ទ្រី ដាណា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ