នៅ​ពី​ក្រោយ​ការ​ត្អូញត្អែរ​រឿង​ប្រាក់​ចំណូល​របស់​អ្នក​សិល្បៈ​ជា​ច្រើន តារា​ពីរ​ដួងនេះ​ងាក​មក​ក្ដាប់​ជំនួញ​យ៉ាង​ណែន

  • 2021-09-10 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ មិន​ទាន់​ស្ងប់​ពី​ការ​ត្អូញត្អែរ​រឿង​បាត់​ប្រាក់​ចំណូល ខាត​លើ​មុខ​រកស៊ី​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ នៅ​ឡើយ​ទេ ដោយ​តារា​ខ្លះ​នៅ​ពពាយនាយ​លក់​ផ្ទះ ដី និង​ឡាន​ដើម្បី​ស្ដារ​មុខ​ជំនួញ ឬ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ។

ប៉ុន្តែ​បើ​ងាក​មក​មើល​តារា​ចម្រៀង និង​សម្ដែង​ប្រុស​ទាំង​ពីរ​ដួង​នេះ​វិញ គេ​មិន​ដែល​ឮ​ឡើយ​នូវ​ពាក្យ​ខាត​ឡុងចុង​លើ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ឬ​បាត់​ទាំង​ស្រុង​នូវ​ចំណូល​ពី​សិល្បៈ បើ​ទោះបី​ជា​វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ។ តារា​ប្រុស​ដែល​មាន​វ័យ​ស្របាល​គ្នា​ទាំង​ពីរ​ដួង​នោះ គឺ​លោក ខាន់ ជេមស៍ និង​លោក ចែម ចាន់រ៉ា ហៅ​នាយ​ពាក់​មី។

ក្រៅ​ពី​អាជីព​កំប្លែង នាយ​ពាក់​មី មាន​ជំនួញ​ធំ​២​នៅ​ក្នុង​ដៃ។ ទី១ គឺ​ខាង​អចលនទ្រព្យ​ដែល​ដំណឹង​ក្រៅ​ផ្លូវការ​លោក​បុគ្គល​បាន​បោះ​ទុន​វិនិយោគ​ច្រើន​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ”Trust me” និង​ទី២ រូប​លោក បាន​ក្លាយ​ជា​តំណាង​ចែក​ចាយ​ធំ​មួយ​នូវ​ផលិត​ផល​ថែទាំ​សុខភាព ឃូស៊ី របស់​ថៅកែ​ផលិតកម្ម​”រ៉ាម” គឺ​អ្នកស្រី នួន សុន្ទរី ហៅ​ស្រី​អូន។

ត្បិត​ថា នៅ​អំឡុង​ពេល​វិបត្តិ​កូវីដ-១៩ នេះ​មុខ​ជំនួញ​របស់​លោក​ទាំង​អំបាលម៉ាន​ជួប​បញ្ហា ឬ​ជោគជ័យ​កម្រិត​ណា​នោះ? ស្ដែង​តាម​រយៈ​សកម្មភាព​របស់​លោក​ដែល​រវល់​ដល់​ថ្នាក់​ភ្លេច​ថ្ងៃ​ខួប​កំណើត​កូន​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០២១ ទៅ​នេះ គឺ​បង្ហាញ​ថា​លោក​រវល់​ខ្លាំង​ណាស់​ទាំង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន។

ថ្មី​នេះ​ដែរ លោក​បាន​បញ្ចេញ​លុយ​មិន​តិច​ម៉ឺន​ដុល្លារ ដើម្បី​សង់​ផ្ទះ​ឲ្យ​ម្ដាយ​ក្មេក​នៅ​អ្នក​លឿង​ក្នុង​តម្លៃ​ប្រមាណ​១០​ម៉ឺន​ដុល្លារ ហើយ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់​ធ្លាយ​រឿង​លោក​ទិញ​ឡាន​សេរី​ទំនើប​ឲ្យ​កូន​ស្រី​ក្នុង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ទៀត។ នេះ មិន​ទាន់​គិត​ពី​ការ​ចំណាយ​ផ្សេង​ៗ​លើ​គ្រួសារ​ខ្លួន​ឯង និង​ឪពុក​បង្កើត​នៅ​ស្រុក​កំណើត នា​ខេត្ដ​ស្វាយរៀង​ផង​ទេ។

ងាក​មក​មើល​តារា​ចម្រៀង ខាន់ ជេមស៍ វិញ។ គេ​មិន​សូវ​ឃើញ​លោក​ឡើង​ឆាក​តន្ត្រី ឬ​កម្មវិធី​សិល្បៈ​ផ្សេងៗ ប៉ុន្ដែ​រឿង​ភាព​ជោគជ័យ​លើ​មុខជំនួញ​វិញ គឺ​លោក​ស្ទើរ​វ៉ា​ដាច់​មិត្ត​សិល្បៈ​រួម​ជំនាន់​ទៀត​ផង។ សព្វថ្ងៃ​ក្រៅ​ពី​ការងារ​សិល្បៈ​លោក មាន​ជំនួញ​សំខាន់​ចំនួន​៣​នៅ​ក្នុង​ដៃ។

មុខ​ជំនួញ​ទី១ គឺ​លោក​បាន​បោះ​ទុន​យ៉ាង​សន្ធឹក​លើ​ការ​ទិញ និង​ពុះ​ដី​ឡូត៍​លក់​នៅ​ម្ដុំ​ភ្នំ​ព្រះធាតុ ខេត្ត​កំពង់​ឆ្នាំង ទី២ លោក​ទើប​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួម​គ្នា​លើ​អាជីវកម្ម​ម្ហូបអាហារ​ជាមួយ"ស្ដេច​បក្សី" និង​ជំនួញ​ទី៣ គឺ​ការ​នាំ​ចូល និង​ចែកចាយ​នូវ​ឧបករណ៍​ច្រៀង​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ"ASPOR"។

ចំពោះ​តារា​ចម្រៀង ខាន់ ជេមស៍ គេ​មិន​ដែល​ឃើញ​លោក​បង្ហាញ​នូវ​ការ​ចាយវាយ​អ្វី​ធំដុំ​សោះ​នៅ​អំឡុង​ពេល​វិបត្ដិ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​គេ​ឃើញ​លោក​បង្ហាញ​ពី​ភាព​ជោគជ័យ​លើ​ជំនួញ​ខាង​អចលនទ្រព្យ ហើយ​បាន​ពង្រីក​ការងារ​រកស៊ី​របស់​ខ្លួន​ជា​ហូរហែ។

នៅ​គ្រា​ដែល​អ្នក​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​មិន​ទាន់​ដំណើរការ​ឡើង​វិញ​ស្រួល​បួល​ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ-១៩ មិន​ទាន់​ធូរ​ស្រាល​នោះ គេ​ក៏​កម្រ​ឃើញ​តារា​ទាំង​ពីរ​ដួង​នេះ​ឡើង​សម្ដែង ឬ​ច្រៀង​លើ​ឆាក​នានា​ណាស់ ប៉ុន្តែ​ពួកគេ​ក៏​ឆ្លៀត​បាន​ថត​ស្ពត​ពាណិជ្ជកម្ម​នានា ជា​ពិសេស​ស្ពត​ដែល​ទាក់ទង​នឹង​មុខ​ជំនួញ​របស់​ពួកគេ​រៀង​ៗ​ខ្លួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ