ត្បិត​ត្រូវ Struijk ឈូស​ឲ្យ​ភ្លាត់​ឆ្អឹង​ក​ជើង​ តែ Elliott ថា​​មិន​សម​បាន​កាត​ក្រហម​ទេ

  • 2021-09-14 03:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harvey Elliott បាន​និយាយ​ការពារ Pascal Struijk ថា​មិន​សម​​បាន​កាត​ក្រហម​សោះ ក្រោយ​បង្ក​កំហុស​ឈូស​ពី​ក្រោយ​រហូត​ធ្វើ​ឲ្យ​ខ្លួន​ភ្លាត់​ឆ្អឹង​ក​ជើង​កាល​ពី​ថ្ងៃ​អាទិត្យ។

Elliott កីឡាករ​កំពុង​ឡើង​ជើង​របស់ Liverpool ប្រឈម​មុខ​ត្រូវ​សម្រាក​៦​ខែ​ដើម្បី​ព្យាបាល​ក​ជើង ប៉ុន្តែ​គេ​មិន​បាន​ដាក់​ការ​ស្ដី​​បន្ទោស​លើ Struijk ឡើយ​។ ពេល​បញ្ជូន​នៅ​កន្លែង​សង្គ្រោះ​ Elliott វ័យ​១៨​ឆ្នាំ​បាន​មើល​ការ​ប្រកួត​របស់ Liverpool ទល់​នឹង Leeds រហូត​ដល់​ចប់​តាម​ទូរសព្ទ។

​ខ្សែ​បម្រើ Elliott បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Instagram ថា វា​មិនមែន​ជា​កំហុស​របស់ Struijk ឡើយ។ ហើយ​ក៏​មិន​គួរ​បាន​កាត​ក្រហម​ដែរ ព្រោះ​តែ​ជា​គ្រោះថ្នាក់​ចៃដន្យ ប៉ុន្តែ​រឿង​ទាំងអស់​នេះ​កើត​ឡើង​ក្នុង​បាល់ទាត់។ Elliott ក៏​បាន​សន្យា​នឹង​រឹងមាំ​ឡើង​វិញ១០០​% ហើយ​ក៏​អរគុណ​​ដល់​គ្រប់​គ្នា​ដែល​គាំទ្រ។

Elliott ត្រូវ​បាន​ Liverpool ទិញ​ពី Fulham កាល​ពី​ឆ្នាំ​២០១៩​ក្នុង​តម្លៃ​ខ្លួន​មួយ​ដែល​មិន​បាន​បង្ហាញ។ រដូវ​កាល​២០២០-២១ ហង្សក្រហម​បាន​ឲ្យ Blackburn Rovers ខ្ចី​ជើង​​កីឡាករ​សញ្ជាតិ​អង់គ្លេស​​រូប​នេះ​មួយ​រដូវ​កាល រក​បាន​៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤១​ប្រកួត។ រដូវ​កាល​នេះ Elliott បាន​បង្ហាញ​ខ្លួន​​ជា​ជម្រើស​ដំបូង​របស់ Liverpool ៤​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ តែ​មក​ស៊យ​ក្នុង​ជំនួប​ជាមួយ Leeds៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ