BamBam និង Dara នឹង​កាន់ក្បាលមេក្រូព្រមគ្នានាមជា MC ក្នុងកម្មវិធី «Asia Song Festival»

  • 2021-09-17 03:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមព័ត៌មាន​បានចេញ​ផ្សាយ​នៅមុន​នេះ​ បាន​ឲ្យដឹង​ថា​ BamBam និង Dara ត្រូវ​បាន​ជ្រើសជាពិធីករ-ពិធីការិនីកម្មវិធី Asia Song Festival ឆ្នាំ ២០២១នេះ។

ជាមួយគ្នានោះ​កម្មវិធីនេះ​នឹង​ធ្វើ ឡើង​នៅ​ថ្ងៃទី០៥ ដល់ទី០៩ ខែតុលា នៅ​ Gyeongju ខេត្ត Gyeongsangbuk-do ព្រម​ទាំង​មាន​ការផ្សាយផ្ទាល់លើវិបសាយរបស់ Asia Song Festival, លើ YouTube ផ្លូវការរបស់កម្មវិធី លើ YouTube របស់ SBS (THE K-POP) និង Vlive របស់ Naver

សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះក៏នឹង​មាន​ការចូលរួម​ពីតារាៗមក​ពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ ដែល​រួមគ្នា​បង្ហាញ​ការ​សម្ដែង​អស្ចារ្យ​លើ​ឆាកអមជាមួយនឹង​ទេសភាព​ស្រស់ស្អាតរបស់កូរ៉េខាងត្បូង​ជុំវិញ​ផងដែរ។

ក្រោយពីការ​អញ្ជើញឲ្យធ្វើជា​ MC រួមគ្នាសម្រាប់កម្មវិធីពេលនេះ Dara និង BamBam ក៏បានចេញសារថ្លែងពីសេចក្ដីអំណររបស់ខ្លួនថា៖ «វាពិតជា​កិត្តិយសបំផុតដែល​មានឱកាសស្វាគមន៍អ្នកទាំងអស់គ្នា ក្នុងនាម​ជា ពិធីករកម្មវិធី “Asia Song Festival”។ ពួកយើងនឹង​ប្រឹងប្រែង​ឲ្យអស់ពីសមត្ថភាព ដើម្បីបង្កើតបរិយាកាសកម្មវិធីប្រគំតន្ត្រី ជូនទាំងតារាចម្រៀង និង​អ្នកគាំទ្ររបស់ពួកគេ​ដែលមក​ចូលរួម ឲ្យមានភាពរីករាយ។ រង់ចាំ​តាមដាន​ទាំងអស់គ្នា»។

ក្រោយទទួល​ដំណឹង​នេះភ្លាម គ្រប់គ្នា​ក៏ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារនូវការ​បង្ហាញ​ខ្លួនរួមគ្នា​របស់តារារបស់ក្រុមហ៊ុន Abyss Company ទាំង ២​រូបនេះណាស់៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី