រ៉ឺម៉កកង់បីច្រើនគ្រឿង តម្រៀបជាក្បួន ដឹកស្បៀងជូនពលរដ្ឋក្នុងតំបន់ក្រហម ខេត្តសៀមរាប ដោយឥតគិតគិតថ្លៃ

  • 2021-09-21 02:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ឺម៉កកង់បី ជាច្រើនគ្រឿង ក្នុងខេត្តសៀមរាប ត្រៀមចេញដឹកជញ្ជូនស្បៀងជូនពលរដ្ឋ ក្នុងតំបន់ក្រហម ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យក្រុមដឹកជញ្ជូនចំនួន ២២៣នាក់ ដឹកស្បៀងអាហារនៅតំបន់ក្រហម បន្ទាប់ពីលទ្ធផលអវិជ្ជមានតេស្តជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា "តំបន់ក្រហម" នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីរសៀល ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានរៀបចំតារាងអាជីវករដែលមានលក់ស្បៀងអាហារគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាបដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។

ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។ រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេសឬការកំណត់របស់សុខាភិបាល ៕

អត្ថបទពេញនិយម