សាលារៀនចំនួន ៦ នៅកម្ពុជា ទទួលបានពានរង្វាន់ថ្នាក់​ជាតិ «សាលាមេត្រីបរិស្ថាន»

  • 2021-09-21 08:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀនចំនួន៤៨ នៅកម្ពុជាបានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Smart Axiata ជាមួយនិងការទទួលស្គាល់អំពីការលើកកម្ពស់និរន្តរភាពបរិស្ថានរបស់សាលារៀនក្នុងប្រតិបត្តិការ និងការបង្រៀនរបស់ពួកគេ។

-សាលាបឋមសិក្សាចំនួន ៣ ត្រូវជ្រើសរើសសម្រាប់ពានរង្វាន់គឺ៖

១. សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង (ជ័យលាភីមាស)

២. សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប (ជ័យលាភីប្រាក់)

៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ (ជ័យលាភីសំរិទ្ធ)

-វិទ្យាល័យចំនួន ៣ ត្រូវជ្រើសរើសសម្រាប់ពានរង្វាន់គឺ៖

រូបថតដោយ៖ វិទ្យាល័យហ៊ុន សែនមិត្តភាព

១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ (ជ័យលាភីមាស)

២. វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ (ជ័យលាភីប្រាក់)

៣. វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង (ជ័យលាភីសំរិទ្ធ)

ដោយហេតុថាសាលារៀនមួយចំនួនត្រូវបានបើកឡើងវិញ ជាមួយនិងវិធានការដ៏ខ្ជាប់ខ្ជួន ក្នុងការប្រយុទ្ទប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ១៩ ពានរង្វាន់សាលាមេត្រីបរិស្ថាន គឺជាការក្រើនរំលឹកដ៏ទាន់ពេលវេលាមួយ អំពីការអប់រំដល់យុវជនកម្ពុជាអំពីសារៈសំខាន់នៃការការពារបរិស្ថាន ដែលសំខាន់ជាងពេលណាៗទាំងអស់។

សាលារៀនជ័យលាភីទាំងអស់ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញមកពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៤ ចំនុច៖

១) តើសាលារក្សាប្រតិបត្តិការបៃតងដោយរបៀបណា?

២) តើការសិក្សាអំពីបរិស្ថានត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សាក្នុងសាលាដោយរបៀបណា?

៣) តើការអនុវត្តកម្មវិធីនិរន្តរភាពរបស់សាលាមានប្រសិទ្ធភាពយ៉ាងដូចម្តេច?

៤) តើសាលាបានបញ្ចូលកម្មវិធីអប់រំបរិស្ថានរបស់ពួកគេទៅក្នុងសហគមន៍មូលដ្ឋានតាមរយៈភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងដោយរបៀបណា?

សាលាជ័យលាភីទាំង ៦ បានរង្វាន់ជាសាច់ប្រាក់ចំនួន ៥ លានរៀល ៤ លានរៀល និង ៣ លានរៀលសម្រាប់ជ័យលាភីមាស ប្រាក់ និង សំរិទ្ធ រៀងៗខ្លួន ដែលនឹងត្រូវប្រើដើម្បីពង្រីកកិច្ចខឹតខំប្រឹងប្រែងនៃកម្មវិធីនិរន្តភាព និងការអនុវត្តបរិស្ថានល្អបំផុត។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន មានប្រសាសន៏ថា៖ «ការប្រឡងប្រណាំងកម្មវិធីពានរង្វាន់សាលាមេត្រីបរិស្ថាន មានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីកសាងអនាគតដ៏រុងរឿង និងបណ្ដុះគំនិតឱ្យស្រឡាញ់បរិស្ថានដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។»

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាន៍ថា៖ «ការអប់រំ និងបរិស្ថានគឺជាវិស័យអាទិភាពពីរដ៏សំខាន់សម្រាប់ពួកយើងនៅក្រុមហ៊ុន Smart ហើយយើងមានមោទនភាពដែលបានគាំទ្រកម្មវិធីពានរង្វាន់នេះ ដោយបានដាក់បញ្ចូលវិស័យទាំងពីរនេះជាវិស័យអាទិភាពដែលនាំមកនូវផលវិជ្ជមានជាច្រើនប្រកបដោយអត្ថន័យ។ តាមរយ:ការទទួលស្គាល់សាលាទាំងនេះសម្រាប់ការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព យើងសង្ឃឹមថា ពួកយេីងនឹងក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរក្នុងជំនាន់មួយ ដែលយុវជនកម្ពុជាស្ថិតនៅជួរមុខនៃការប្រយុទ្ធ ដើម្បីអភិរក្សបេតិកភ័ណ្ឌធម្មជាតិដ៏កម្ររបស់ព្រះរាជាណាចក្រ និងធ្វើឱ្យមានផលវិជ្ជមានពិតប្រាកដ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។»

ពានរង្វាន់សាលាមេត្រីបរិស្ថានជាតិ ធ្វើឡើងតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសកម្ពុជា អនុម័តសេចក្តីណែនាំថ្នាក់ជាតិស្តីអំពី ពានរង្វាន់សាលាមេត្រីបរិស្ថាន ដោយអនុលោមតាមគោលការណ៍ណែនាំ និងពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន ជាឯកសារយោង និងស្តង់ដារតំបន់សម្រាប់សាលារៀនដែលមិនប៉ះពាល់បរិស្ថានក្នុងតំបន់។

ព័ត៌មានបន្ថែមអំពី កម្មវិធីទំនួលខុសត្រូវសង្គមនិងកម្មវិធីនិរន្ដរភាពក្រុមហ៊ុន Smart សូមតាមដានលើទំព័រហ្វេសប៊ុក ៖ Smart For Cambodia