Dybala ជិត​ទទួល​បាន​កុងត្រា​ថ្មី​ជា​មួយ​ Juventus មែន​ទែន​ហើយ​

  • 2021-09-24 11:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Paulo Dybala ត្រូវ​បាន​សារព័ត៌មាន​ Goal ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​រូប​នេះ​ជិត​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Juventus មែន​ទែន​នៅ​រយៈ​ពេល​ខ្លី​ខាង​មុខ​ ខណៈ​ដែល​កុងត្រា​សព្វថ្ងៃ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​។

Dybala ផ្ទាល់​ខ្លួន​ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ គេ​សង្ឃឹម​ និង​ជឿជាក់​ការ​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​អ៊ីតាលី​នេះ​នឹង​បញ្ចប់​ឆាប់​ៗ​ ព្រោះ​ទាំង​ភាគី​ទាំង​សង​គឺ​ចង់​ធ្វើ​រឿង​នេះ​ជា​មួយ​គ្នា​។

លោក​ Pavel Nedved នាយក​កីឡា​របស់​ Juventus ក៏​បាន​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ​ថា​ Dybala ជា​ជម្រើស​របស់​ក្លឹប​លោក​ ហើយ​កុងត្រា​ថ្មី​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ក្លឹប​ Juventus កំពុង​រៀប​ចំ​ចង់​បាន​ Dybala បន្ត​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​២០២៥ និង​ដំឡើង​ប្រាក់​ពលកម្ម​ និង​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់​ទៅ​ ៩លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

ក្រោយ​ Ronaldo ចាក​ចេញ​ទៅ​ កីឡាករ​ជា​ច្រើន​និយាយ​ថា Juventus ពឹង​ទៅ​លើ​ Dybala នេះ​ហើយ។ កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ Juventus តាំង​ពី​ឆ្នាំ​២០១៥មក ដោយ​ចូល​រួម​២៥៩ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១០២​គ្រាប់​ ថែម​ទាំង​ឈ្នះ​ពាន​ Serie A ជា​មួយ​ក្លឹប​នេះ​ ៥ដង​មក​ហើយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី