ឡានចិនថ្មី ​សាកភ្លើង​កន្លះម៉ោង ជិះ​ដល់​កំពង់សោម តម្លៃតែ​៩ពាន់​ដុល្លារ

  • 2021-09-30 02:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​របស់​ប្រទេសចិន គឺ​​ក្រុមហ៊ុន Geely ថ្មីៗនេះ​បាន​បញ្ចេញ​ SUV ថ្មីម៉ាក Geometry EX3 ដែលមានតម្លៃធូរថ្លៃ ហើយសាកថ្មរយៈពេលខ្លី​ តែអាចធ្វើដំណើរបាន​ឆ្ងាយ ដើម្បី​វាយដណ្តើមទីផ្សារ​ក្នុងស្រុក​ ដែលកំពុងមាន​ការប្រជែងខ្លាំង​នូវរថយន្ត​អគ្គិសនី។

រថយន្ត​នេះ ត្រូវបាន​រចនាឡើង​ដោយស្រស់ស្អាតទំនើបទាន់សម័យ ដោយអំពូលមុខរបស់វា​ដូចទៅនឹង​រថយន្ត Peugeot 308 ដែរ។ ចំណុចកណ្តាល​ប៉ាណា​ ត្រូវបាន​ដាក់និមិត្ត​សញ្ញារបស់​ក្រុមហ៊ុន Geely។ គម្រប​ទាំងមូល​នៃរថយន្ត​គឺ​មានភាព​រឹងមាំ ថែមទាំងមាន​ពណ៌បៃតងហាយឡាយ​ត្រង់​ចំរឹងលើដំបូលរថយន្តទៀតផង។

មកមើល​ផ្នែកខាងក្នុងវិញ Geely Geometry EX3 គឺមានការរចនាឡើង​ពណ៌ខ្មៅដូចរថយន្តប្រណីតទូទៅដែរ ហើយមាន​ការលាយពណ៌ទឹកប៊ិច នៅត្រង់ដៃទ្វារ និងលើពូកដែល​ជាប្រភេទ​ពូកស្បែក ជួយលើក​សម្រស់រថយន្ត​ថែមមួយកម្រិតទៀត ខណៈ​តាប្លូរថយន្ត​ជាប្រភេទឌីជីថល មានកៅអី​ចំនួន៥ និង​មាន​កន្លែងផ្ទុក​ឥវ៉ាន់តូចៗ​សរុបដល់ ២៦​កន្លែង។

រថយន្ត EX3 បាន​ភ្ជាប់មកជាមួយ​​ប្រព័ន្ធកម្សាន្ត Touch Screen ទំហំ ៨អ៊ីញ ដែល​អាចស្តាប់ចម្រៀង និងមើលផែនទី ជាពិសេសវាប្រើប្រព័ន្ធមុខងារ G-Link របស់ក្រុមហ៊ុន Geely តែម្តង ដែលរួមមាន​កម្មវិធី QQ music, Autonavi, Ximalaya radio, Voice control, Wi-Fi និង​កម្មវិធី​មួយចំនួនទៀត។

រថយន្ត​អគ្គិសនី​ SUV នេះ មាន​ប្រវែង ៤០០៥ម.ម ទទឹង ១៧៦០ម.ម ​កម្ពស់​ ១៥៧៥ម.ម និងគម្លាត​កង់មុខក្រោយ ២៤៨០ម.ម។ វាអាចផ្ទុកឥវ៉ាន់​បាន​ដល់ ៥០០គីឡូក្រាម ហើយបើបត់​កៅអីក្រោយទៀត គឺអាចផ្ទុកបាន​ដល់ ១០៥០គីឡូក្រាម។

ចូល​ដល់ផ្នែកសំខាន់​បំផុត​នៃរថយន្ត​ដែលប្រិយមិត្ត​តែងតែ​ចង់ដឹងគឺ​កម្លាំងម៉ាស៊ីន។ រថយន្ត EX3 ដំណើរការ​ដោយ​ម៉ូទ័រអគ្គិសនី កម្លាំង ៩៤សេះ និង​កម្លាំងរមូល ១៨០ញូ៊វតុនម៉ែត្រ។ ត្បិតតែកម្លាំងម៉ាស៊ីន​ហាក់តូចមែន ប៉ុន្តែក្រុមហ៊ុនអះអាងថា សមត្ថភាព​នៃការ​បើកបរ គឺ​ប្រដមប្រសងគ្នា​ទៅនឹង​រថយន្តសាំងដែរ។ ជាមួយនឹង​ថាមពលអាគុយ ៣៧,២៣គីឡូវ៉ាត់ម៉ោង វាអាច​ឱ្យរថយន្តបើកបរដល់ចម្ងាយ ៣២២គីឡូម៉ែត្រ ក្នុងនោះ​វាសាកថ្មលឿន ពោលគឺពី ០ ទៅ ៨០ភាគរយ ចំណាយ​ពេល​តិចជាង ៣០នាទី បើកបានចម្ងាយ ២៥០គីឡូម៉ែត្រ (ប្រហែលចម្ងាយពីភ្នំពេញ ទៅក្រុងព្រះសីហនុ)។

Geometry EX3 នឹងត្រូវដាក់លក់​ដំបូង​ក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី ៩២០០ដុល្លារ ហើយ​ក្រុមហ៊ុន Geely ក៏គ្រោងនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេសផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី