គំនិតល្អណាស់! យុវជនម្នាក់ផ្ដើមគំនិតតែ៤ថ្ងៃ កៀរគរបានថវិកាធ្វើផ្លូវមួយខ្សែស្ទើរតែរលួយខ្វល់ ប្រែមកស្អាតភ្លឹងជូនដល់អ្នកភូមិ

  • 2021-09-30 03:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ ហេតុតែចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានផ្លូវធ្វើដំណើរស្រួល មិនពិបាក បានខិតខំដេីររកជំនួយពីសប្បុរសជន ដើម្បីយកមកធ្វេីផ្លូវប្រវែងជិត៣គីឡូម៉ែត្រ។ ផ្លូវនេះ មានទីតាំងស្ថិតឃុំព្រៃញាតិ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ដែលមានការខូចខាតខ្លាំងស្ទើរតែជិះលែងបានទៅហើយ។

បុរសដែលបានខិតខំស្វែងរកជំនួយពីសប្បុរសជន ដើម្បីយកធ្វើផ្លូវប្រវែង ៣គីឡូម៉ែត្រ មានឈ្មោះថា អ៊ុំ ប៊ុនធឿន ឈ្មោះក្រៅ (ឆុង) មានអាយុ២៤ឆ្នាំ មុខរបរជាអ្នកតន្ដ្រីករបុរាណតាមរោងការ រោងបុណ្យ។ បុរសរូបនេះ​មានទីលំនៅរស់នៅ ភូមិផ្លូវដំរី ជាប់ភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក អ៊ុំ ប៊ុនធឿន បានប្រាប់មកសារព័ត៌មាន Sabay ថា មូលហេតុដែលជំរុញទឹកចិត្តលោក ក្នុងការដឹកនាំជួសជុលផ្លូវមួយខ្សែដែលខូតខាតនេះ គឺទី១ ដោយសារលោកឃើញក្មេងៗពិបាកក្នុងការធ្វេីដំណេីទៅសាលារៀន។ ចំណែកមូលហេតុទី២ លោក ប៊ុនធឿន បានប្រាប់ថា ដោយលោកឃើញយាយតា និងចាស់ៗ ពិបាកក្នុងការធ្វេីសំណេីទៅវត្តនារដូវភ្ជុំ ស្របពេលមានភ្លៀងធ្លាក់បណ្តាលឱ្យរអិលផង និងជាប់ផុងផង។ ណាមួយវិញទៀត លោកថាពលរដ្ឋទូទៅ ពិបាកក្នុងការធ្វើដំណើរទៅកាន់ សាលាឃុំ មណ្ឌលសុខភាព និង ទៅប៉ុស្តិ៍នគបាលជាដើម។

ចំពោះរយៈពេលក្នុងការសាងសង់ផ្លូវប្រវែងជិត៣គីឡូម៉ែត្រនេះ លោក អ៊ុំ ប៊ុនធឿន បានប្រាប់ Sabay ឱ្យដឹងថា ចំណាយរយៈពេល ២ថ្ងៃ និងគម្រោងគិត៤ថ្ងៃ។ ផ្លូវនេះ ធ្វេីចេញពីភូមិស្វាយឆ្ពោះទៅវត្តអង្គព្រះស្រី និងសាលាឃុំព្រៃញាតិ ឆ្លងកាត់ភូមិដូង។ ថវិការសរុបក្នុងការសាងសង់ចំណាយអស់ទឹកប្រាក់ ១០លានរៀល ដែលបានមកពីសប្បុរសជន នានា៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម
អត្ថបទថ្មី