Capitan ប្រាប់ថាវ៉ៃមិនទាន់ល្អទេទោះការពារខ្សែក្រវាត់បានសម្រេចក្ដី

  • 2021-09-30 07:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំអាចការពារខ្សែក្រវាត់បាន... ខ្ញុំសប្បាយចិត្ត ប៉ុន្តែ ខ្ញុំធ្វើមិនទាន់ល្អខ្លាំងទេ។ ខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំសន្យាថានឹងធ្វើឲ្យបានល្អជាងនៅប្រកួតបន្តបន្ទាប់។ យ៉ាងណាក្ដី ខ្ញុំសូមអរគុណដល់ក្រុមការងារគ្រូបង្វឹក, ក្រុមគ្រួសាររបស់ខ្ញុំ, និងមិត្តរួមក្រុមដែលបានជួយជ្រោមជ្រែងរូបខ្ញុំ»។ ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight កីឡាករ “One Punch Man” Capitan Petchyindee Academy បានថ្លែងបែបនេះ បន្ទាប់ពីចប់ការប្រកួត៥ទឹកក្នុងជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទកាលថ្ងៃសុក្រសប្ដាហ៍មុន។

Capitan បានបញ្ជាក់ថា ៖«Mehdi “Diamond Heart” Zatout គឺជាកីឡាករដែលពិបាកបំផុតមួយ។ គេជាកីឡាករកំពូលម្នាក់។ ដូច្នេះការផ្ដួលងាយៗ គឺ មានការលំបាក»។

បុរសភ្នែកលិបបានប្រើពេល ៥ ទឹកយ៉ាងតានតឹង និងសមដូចបំណងដែលប៉ងចង់ផ្ដួល Zatout ក្នុងទឹកណាមួយនោះឡើយ ជាពិសេសទឹកចុងក្រោយ គូប្រជែងខ្សែក្រវាត់បានម៉ាត់ធ្វើឲ្យរូបគេផ្ងាកផងដែរ។ Zatout មានបច្ចេកទេសដកថយវាយបកបានល្អ ទាំងការទាត់ជើង និង ការឆ្មក់កណ្ដាប់ដៃ។

ជាមួយគ្នាពេលគេត្រូវបានពិធីករសួរថា តើថ្ងៃអនាគតអាចត្រលប់មកប្រកួតមួយថៃដើម្បីដណ្ដើមខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion ពី Nong-O ឬទេ?

Capitan បានឆ្លើយយ៉ាងខ្លីថា ៖«បច្ចុប្បន្ននេះខ្ញុំផ្ដោតតែលើការត្រៀមខ្លួនឡើងការពារខ្សែក្រវាត់ឃីកបុកសីង Bantamweight តែប៉ុណ្ណោះ។ ខ្ញុំមិនទាន់មានពេលវេលាក្នុងការហ្វឹកហាត់ត្រៀមទៅដណ្ដើមមួយថៃទេ។ ខ្ញុំមិនទាន់បានគិតអំពីរឿងនេះឡើយ»។

គួរដឹងថា បន្ទាប់ពីទទួលជ័យជម្នះក្នុងការការពារខ្សែក្រវាត់ឃីកបុកសីង ONE Bantamweight កីឡាករជំនាញកណ្ដាប់ដៃ Capitan បានកើនកំណត់ត្រាទាំងឃីកបុកសីងរហូតដល់ឈ្នះ ១៤៥ លើក , ចាញ់ ៤០ លើក និងស្មើ ១លើក៕

ដោយ៖ ស៊ីធី