ចេញហើយ! តម្លៃឡាន Lexus NX250, NX350, NX350h និង NX450h+ ទើបប្រកាសចេញក្តៅៗ!

  • 2021-10-11 01:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញចេញនូវរថយន្ត NX ស៊េរីឆ្នាំ២០២២ កាលពីខែមិថុនារួចមក ឥឡូវនេះក្រុមហ៊ុន Lexus បានប្រកាសចេញពីតម្លៃរបស់វាជាផ្លូវការហើយ។

សូមបញ្ជាក់ថា រថយន្ត Lexus NX មានចែកចេញជា ៤ ម៉ូដែល គឺ NX250, NX350, NX350h និង NX450h+។ ក្នុងនោះ រថយន្ត NX 250 មានតម្លៃចាប់ពី ៣៧ ៩៥០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៣៩ ៩៥០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ ដែលតម្លៃនេះគឺសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងត្រកូល NX 250 នេះដដែល មាន ២ ម៉ូដែលទៀត គឺ NX 250 Premium តម្លៃ ៤១ ០០០ដុល្លារ និង NX 250 Luxury តម្លៃ ៤៤ ១០០ដុល្លារ។ គ្រប់ម៉ូដែល NX250 ទាំងអស់ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រថ្មី ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៣សេះ និង កម្លាំងរមួល ២៤៩ញូតុនម៉ែត្រ។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។

បន្ទាប់មកទៀតគឺ NX 350 ដែលមានតម្លៃចាប់ពី ៤១ ៥៥០ដុល្លារ។ វាប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រថ្មី ទំហំ ៤ស៊ីឡាំង មានទាក់បូមួយ មានកម្លាំងសរុប ២៧៥សេះ និង កម្លាំងរមួល ៤៣០ញូតុនម៉ែត្រ។ ក្នុងនោះដែរ វាក៏មានម៉ូដែល NX 350 Premium តម្លៃ ៤៤ ៦០០ដុល្លារ និង NX 350 Luxury តម្លៃ ៤៩ ០០០ដុល្លារ។ ចំពោះ NX 350 ក៏មានម៉ូដែល F Sport ដែរ គឺតម្លៃ ៤៦ ៦៥០ដុល្លារ។

តមកទៀតជាប្រភេទ Hybrid គឺ NX 350h ដែលមានតម្លៃចាប់ពី ៤១ ០៥០ដុល្លារ។ វាប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៣៩សេះ។ NX350h នេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រប៉ុណ្ណោះសម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ ចំពោះម៉ូដែល NX350h Premium មានតម្លៃ ៤៤ ១០០ដុល្លារ ខណៈម៉ូដែល NX350h Luxury មានតម្លៃ ៤៨ ៥០០ដុល្លារ។

ចុងក្រោយបង្អស់គឺ NX 450h+ ដែលជាប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៥៥ ៥៦០ដុល្លារ សម្រាប់ម៉ូដែល Luxury និង ៥៦ ៩០០ដុល្លារ សម្រាប់ម៉ូដែល F Sport Luxury។ រថយន្តនេះគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០២សេះ ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ និងកញ្ចប់អាគុយអគ្គិសនីមួយទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធសរុបចម្ងាយ ៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

គួរឲ្យដឹងថា រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ នឹងត្រូវចេញលក់នៅសហរដ្ឋអាមេរិក ក្នុងខែធ្នូ ខាងមុខនេះតែម្តង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម