លឹម ពិសុទ្ធ បង្ហើប​ហេតុ​ផល​ពីរ​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​ស៊ុត​កោះហ្គាំ​​ច្រើន​កាល​ជើង​ទី​១

  • 2021-10-11 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា និង​ភ្នំពេញ​ក្រោន​ លឹម ពិសុទ្ធ ​បង្ហើប​ហេតុ​ផល​ពីរ​ដែល​​ខ្លួន​​គិត​ថា អាច​នាំ​ឲ្យ​កម្ពុជា​មិន​អាច​ស៊ុត​ក្រុម​​​បាល់ទាត់​កោះហ្គាំ​ច្រើន​គ្រាប់​ក្នុង​ការ​ប្រកួត AFC Asian Cup China 2023 Qualifiers Playoff ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន។

ខ្សែ​ប្រយុទ្ធ​ដែល​បាន​​បញ្ជូន​បាល់​ឲ្យ​ ចាន់ វឌ្ឍនាកា ស៊ុត​កាល​ជើង​ទី​១​​​បាន​មួយ​គ្រាប់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា តាម​ពិត​​ទៅ​​កាល​ប៉ះ​កោះហ្គាំ​លើក​ទី​១​នោះ​ក្រុម​កម្ពុជា​គួរតែ​​រក​បាន​​គ្រាប់​បាល់​លើស​១​គ្រាប់​។​ ប៉ុន្តែ​ដោយសារ​ហេតុ​ផល​​ពីរ​គឺ​ទី​១​ទីលាន​នៅ​បារ៉ែន​​ហាក់​ស្អិត​ ពី​ព្រោះ​ទីលាន​នោះ​​ស្មៅ​ធម្មជាតិ​តែ​​មិន​បាញ់​ទឹក​​​ ហើយ​ពេល​បោះ​បាល់​ឲ្យ​ដៃ​គូ​គឺ​ពិបាក​ណាស់ ពោល​គឺ​​​បោះ​ឲ្យ​គ្នា​មិន​បាន​ចំ​គោលដៅល្អ​ឡើយ​​។

​ចំណែក​ហេតុ​ផល​ទី​២​គឺ​កាល​​ជើង​ទី​១ កម្លាំង​កីឡាករ​មិន​ទាន់​មាន​គ្រប់​គ្រាន់ ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​កម្ពុជា​​ទៅ​បារ៉ែន​​ទើប​តែ​បាន​៣​ថ្ងៃ​ ហើយ​ហ្វឹកហាត់​​តិច​ពេក​ជា​មួយ​ទីលាន​នៅ​ទី​នោះ​​ ទើប​ធ្វើ​ឲ្យ​កីឡាករ​​លេង​មិន​សូវ​យល់​ចិត្ត​គ្នា​ល្អ​។ ដោយ​ឡែក​សម្រាប់​ការ​​ប្រកួត​ជើង​ទី​២ ពិសុទ្ធ​ ជឿ​​ថា​កម្ពុជា​នឹង​​លេង​បាន​ល្អ​ជាង​ជើង​ទី​១ ហើយ​ក្រុម​កម្ពុជា​​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​​បាន​​ ដោយ​ការ​យក​ឈ្នះ​នៅ​ជើងទី២​​ម្ដង​ទៀត​។

​រំលឹក​ថា ក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​​កោះហ្គាំ​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ នៅ​ទីលាន Khalifa Sport City ប្រទេស​បារ៉ែន​ សម្រាប់​ជើង​ទី​២ ៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម