ប្រមាញ់បាន Ford Ranger ២០២៣ មានមុខស្រដៀង Maverick អាចប្រើម៉ាស៊ីន Plug-in Hybrid

  • 2021-10-14 03:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Ford បានបង្ហាញចេញរូបប៉ុន្មានសន្លឹកនៃរថយន្តភីកអាប់ Ranger ស៊េរីឆ្នាំ២០២៣ ប៉ុន្តែមិនបានបង្ហាញអ្វីច្រើនឡើយ។

រូបរាង Ranger ថ្មី ដែល Ford បង្ហាញ

ដោយឡែក ថ្មីៗនេះគេប្រមាញ់បានរថយន្ត Ford Ranger ឆ្នាំ២០២៣ កំពុងបើកបរតាមដងផ្លូវ ដោយបង្ហាញឲ្យឃើញផ្នែកខាងមុខរបស់វាតែម្តង។

រថយន្ត Ford Ranger ថ្មីដែលគេប្រមាញ់បាន

យោងតាមរូបភាពដែលប្រមាញ់បាននោះ Ranger ថ្មី គឺដើរតាមគន្លងរបស់ភីកអាប់ Ford Maverick ដោយមានបំពាក់ប៉ាណាមុខ single bar grille ជាមួយនឹងចង្កៀងមុខរាងអក្សរ C ព្រមទាំងអំពូល Daytime Running Lights រាងអក្សរ C ផងដែរ។

រថយន្តភីកអាប់ Ford Maverick

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកខាងមុខនោះគេក៏មើលឃើញនូវភាពខុសគ្នាដែរ ដោយ Ranger មានបំពាក់កាងមុខខាងក្រោមថ្មី ជាមួយនឹងរន្ធបឺតខ្យល់ អមជាមួយនឹងអំពូលកាត់អ័ព្ទថ្មីផងដែរ។

យ៉ាងណាមិញ រថយន្តភីកអាប់ Ford Ranger ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងផ្តល់ជម្រើសម៉ាស៊ីនជាច្រើន ដោយក្នុងនោះរួមមានទាំង ម៉ាស៊ីនសាំងចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤៤១ញ៉ូតុនម៉ែត្រ ក៏ដូជជា ម៉ាស៊ីនសាំងចំណុះ ២,៧លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣០សេះ និងកម្លាំងរមួល ៥៦៣ញ៉ូតុនម៉ែត្រ។

មិនតែប៉ុណ្ណោះ Ford ក៏កំពុងតែធ្វើការលើ Ranger Raptor ថ្មី ដែលអាចប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង ដែលបង្កើតកម្លាំងបានដល់ ៤០០សេះ ទៀតផង។

លើសពីនេះ សម្រាប់ទីផ្សារអន្តរជាតិ វាអាចនឹងមានជម្រើសម៉ាស៊ីនម៉ាស៊ូត ក៏ដូចជា Plug-in Hybrid ផងដែរ។ សូមបញ្ជាក់ថា Ford Ranger ឆ្នាំ២០២៣ នឹងបង្ហាញខ្លួនជាផ្លូវការ នៅចុងឆ្នាំនេះតែម្តង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម