នាវា​យក្ស​ ២គ្រឿង​នេះ​ លក់​ក្នុង​តម្លៃ​​ ៤០រៀល​លុយ​ខ្មែរ​ ប៉ុណ្ណោះ​ក្នុង​មួយ​គ្រឿង​

  • 2021-10-14 10:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​ទ័ព​ជើង​ទឹក​អាមេរិក​ បាន​លក់​នាវា​យក្ស​ សម្រាប់​ចុះ​ចត​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ចំនួន​ពីរ​គ្រឿង​ ក្នុង​តម្លៃ​ក្នុង​មួយ​គ្រឿង​តែ​ ០.០១ដុល្លារ​ ដែល​ស្មើ​នឹង​ ៤០រៀល​លុយ​ខ្មែរ​ប៉ុណ្ណោះ​ ទៅ​កាន់​ក្រុម​ហ៊ុន​ឯកទេស​ខាង​នាវា​ International Shipbreaking Limited ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Texas សហរដ្ឋអាមេរិក​នៅ​ដើម​ខែ​តុលា​ ឆ្នាំ​២០២១​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Independent ។

នាវា USS John F. Kennedy

នាវា​ចម្បាំង​ទាំង​ពីរ​នេះ​មាន​ឈ្មោះ​ថា​ USS John F. Kennedy និង​ USS Kitty Hawk ដែល​ចាប់​ផ្ដើម​​ដាក់​ប្រើ​ប្រាស់​នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៦០​មក​ ដោយ​ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​ធំៗ​ដូច​ជា​សង្គ្រាម​នៅ​វៀតណាម​ និង​ សង្គ្រាម​នៅ​ឈូង​សមុទ្រ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ នាវា Kitty Hawk ​ត្រូវ​បាន​ឈប់​ប្រើ​ប្រាស់​ និង​ចត​ទុក​ចោល​ចាប់​ពី​​ឆ្នាំ​២០០៩ មក​និងនាវា​ JFK វិញ​ចាប់​ពី​ឆ្នាំ​២០១៧​មក​។​

ជា​ទូទៅ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ចំណាយ​លុយ​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ខាង​លើ​ដើម្បី​យក​នាវា​ចាស់​ៗ​ ដែល​ខ្លួន​ឈប់​ប្រើប្រាស់​នេះ​ចេញ​ពី​កន្លែង​ខ្លួន​ ប៉ុន្តែ​លើក​នេះ​ពួក​គេ​ថែម​ទាំង​បាន​លុយ​មក​វិញ​ទៀត​ ដោយ​ខាង​ក្រុម​ហ៊ុន​ ទិញ​យក​ និង​ធានា​រ៉ាប់រង​ថ្លៃ​ចំណាយ​ទាំង​អស់​ លើ​ការ​សណ្ដោង​យក​នាវា​ទាំង​ពីរ​ចេញ​​។

នាវា USS Kitty Hawk

នាវា​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មក​ដល់​ទីតាំង​ ដុះ​ដូរ​គ្រឿង​ ជួស​ជុល​ឡើង​វិញ​របស់​ក្រុម​ហ៊ុន​ខាង​លើ​នៅ​ឆ្នាំ​២០២២ខាង​មុខ​ឯណោះ​៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម