ផ្នូរ​ ២០ឆ្នាំរបស់​ Nokia 6310 បាន​គាស់ឡើងវិញ មក​ជាមួយ​រូបរាង​ និង​មុខងារ​ថ្មី​

  • 2021-10-19 06:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia បាន​រំលឹកអនុស្សាវរីយ៍ចាស់ ក៏ដូចជាប្រារព្ធ​ខួប​ ២០ឆ្នាំនៃការ​ដាក់លក់ទូរសព្ទម៉ូដែល 6310 កាលពីឆ្នាំ២០០១ ពោលគឺ​បានរចនាឡើង​វិញ ដោយកែច្នៃរូបរាងស្អាតជាងមុន និងបំពាក់​មុខងារ​ថ្មីៗ​ ដែល​ជំនាន់នោះ​មិនទាន់មាន។

Nokia 6310 ស៊េរី​ឆ្នាំ​២០២១ថ្មីនេះ មាន​ទំហំ​អេក្រង់​ ២,៨អ៊ិញ ជាអេក្រង់​កោងប្រភេទ TFT ​កម្រិតបញ្ចេញរូបភាព ៣២០ x ២៤០ ភិចស៊ែល។ លក្ខណៈពិសេស​ថ្មី​​គឺ​មានប៊ូតុង​ធំជាងមុន កម្មវិធី និងអក្សរ​ក្នុងអេក្រង់ទូរសព្ទ ក៏ធំជាងមុនងាយស្រួលចុច​និងមើល ដោយ​តួខ្លួនវា​មាន​វិមាត្រ ១៤,១ ម.ម x ១៣៥ ម.ម x ៥៦ ម.ម។

ទូរសព្ទនេះ អាចដាក់ស៊ីមបាន២ ជាប្រភេទ Mini Sim និង Nano-Sim គាំទ្រ​ដោយ​សេវា 2G និង 3G។ វា​បំពាក់​ឈីប Unisoc 6531F និង​មាន RAM 8MB ទំហំផ្ទុកក្នុងម៉ាស៊ីន 16MB និងអាច​បន្ថែម​មេម៉ូរី​ផងដែរ។

កាន់តែ​គួរឱ្យចាប់អារម្មណ៍ ទូរសព្ទ 6310 គឺមាន Bluetooth 5.0 និងអាចបើកវិទ្យុមិនប្រើខ្សែ ចាក់​ចម្រៀងMP3 ព្រមទាំងមានរន្ធ Micro USBទៀតផង។ កម្មវិធីកម្សាន្ត​នៅតែជាហ្គេម Snake ប៉ុន្តែវា​កំណែប្រែថ្មី។

Nokia ម៉ូដែល​នេះ មានកាមេរ៉ាខាងក្រោយ ១គ្រាប់​ ទំហំ 0.2MP ជាប្រភេទ VGA អមដោយពិល LED ១គ្រាប់​នៅខាងក្រោម។ ឯទំហំថ្ម 1150 mAh ដែល​កាន់បានដល់ ២១ថ្ងៃ ហើយបើ​និយាយទូរសព្ទជាប់គឺដល់ជាង ១៩ម៉ោង។

ពណ៌របស់ទូរសព្ទ Nokia 6310 គឺមានជម្រើស​ពណ៌លឿង ខ្មៅ និង​បៃតងចាស់ ដោយត្រូវបានដាក់លក់នៅ​ក្នុងប្រទេស​អង់គ្លេស តម្លៃ ៨២ដុល្លារ និងឥណ្ឌា តម្លៃ ៥៩,៩៩ដុល្លារ៕

ប្រភព៖ techworm   ប្រែ​សម្រួល៖ សំភី