មកដឹងអំពីសមិទ្ធផល កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បន្សល់ទុកក្នុងទឹកដីខេត្តបាត់ដំបង

  • 2021-10-25 08:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់ដំបង គឺជាខេត្តធំទីពីរនៅក្នុងប្រទេសកម្ពុជា។ ជាទីក្រុងស្រស់ឆើតឆាយនៅអមតាមបណ្តោយដងស្ទឹងសង្កែ ដែលមានសំណង់រចនាបទផ្ទះសល់ពីសម័យអាណានិគមន៍បារាំង កំពុងបានក្លាយសម្បត្តិបេតិកភ័ណ្ឌជាតិ និងពិភពលោក ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះ ខេត្តបាត់ដំបងជាខេត្តដែលមានសក្តានុពលខ្លាំងទៅលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ និងជាទីក្រុងស្អាតសម្រាប់ប្រកបអាជីវកម្ម និងគួរឱ្យចង់រស់នៅផងដែរ។ ទន្ទឹមនេះដែរ នៅក្នុងទឹកដីខេត្តបាត់ដំបងនេះ មានបន្សល់ទុករហូតបច្ចុប្បន្ន នូវសមិទ្ធផលបុរាណៗជាច្រើន ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ សុទ្ធសឹងជាសមិទ្ធផលលេចធ្លោសំខាន់ៗ ។

យោងតាមឯកសារស្រាវជ្រាវចងក្រងដោយ លោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យានៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានចុះបេសកកម្មសិក្សាស្រាវ ជ្រាវអំពី សមិទ្ធផល កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បន្សលទុកក្នុងទឹកដីខេត្តបាត់ដំបង បានឲ្យដឹងថា តាមប្រវត្តិសាស្ត្រនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជម្នះលើគូប្រជែង គឺព្រះបាទជ័យវីរវរ្ម័ន។ ព្រះអង្គបានគ្រងរាជ្យជាស្ដេចនៃកម្ពុជទេស ដោយគង់ នៅរាជធានីយសោធរ (អង្គរ) ។ គេអាចចាត់ទុកព្រះបាទសូរ្យវរ្ម័នទី១ ជាព្រះរាជាសំខាន់មួយអង្គក្នុងប្រវត្តិ សាស្ត្រអង្គរ ហើយក៏ជាព្រះរាជាដែលគ្រងរាជ្យសម្បត្តិរហូតជិត៥០ឆ្នាំ (គ.ស.១០០២-១០៥០)។ ក្នុងរាជនេះ កម្ពុជទេសមានវិសាលភាពធំធេងជាងពេលមុនៗ រីឯឥទ្ធិពលកម្ពុជទេសនាពេលនោះក៏ផ្សព្វផ្សាយទៅហួសពីរាជ អំណាចដែលព្រះបាទសូរ្យវរ្ម័នទី១បានកាន់កាប់ទៅទៀត។

ក្នុងការគ្រងអំណាចរាជសម្បត្តិដ៏យូរនោះ ព្រះបាទសូរ្យវរ្ម័នទី១បានបំពេញនូវបូជនីយកិច្ចដឹកនាំនិង គ្រប់គ្រងជាតិទៅតាមយុទ្ធសាស្ត្រដោយឡែកមួយរបស់ទ្រង់៖ ១. ការបង្រួបបង្រួមឱ្យមានឯកភាពផ្ទៃក្នុងនិងការ គាំទ្រដោយភាពស្មោះភក្តីបំផុតពីមន្ត្រីកំពូលៗក្នុងរាជការនិងពីប្រជានុរាស្ត្រ ២. ការគោរពនិងអនុវត្តន៍គោល នយោបាយទឹកដោយបានស្ថាបនាបារាយណ៍មន្ទាកិណឬកម្ពុជក្សតីថ៍ (បារាយខាងលិច ឬទឹកថ្លា) ដែលមាន ទំហំធំជាងគេបង្អស់នៅអង្គរដើម្បីពង្រីកវិសាលភាពកសិកម្មសម្រាប់ការពង្រឹងសេដ្ឋកិច្ចអង្គរ ៣. ការស្តារជួស ជុលនិងសាងសង់បន្ថែមលើសំណង់ធារាសាស្ត្រព្រមទាំងប្រាសាទក្នុងរាជ្យមុនៗ និង ៤. ស្ថាបនាប្រាសាទធំៗ ទាំងនៅក្នុងរាជធានីនិងនៅតំបន់ភាគខាងលិច ខាងកើត និងភាគខាងត្បូងប្រទេស។ នេះជាការបង្ហាញពីការ ពង្រីកវាតរាជអំណាចរបស់ទ្រង់ឱ្យទៅដល់គ្រប់ទីកន្លែង។ នៅក្រោមរាជ្យនេះហើយដែលវិស័យកសិកម្មព្រម ទាំងសហគមន៍មនុស្សបានរីកចម្រើនឡើងខ្លាំងនៅតំបន់ទឹកដីខេត្តបាត់ដំបងសព្វថ្ងៃ។ ការវាតទីនៃរាជអំណាច របស់ព្រះបាទសូរ្យវរ្ម័នទី១ ក៏បានលាតសន្ធឹងហួសពីដែនដីនៃកម្ពុជទេសនាពេលនោះ ឆ្ពោះទៅដល់ភូមិភាគខាង ជើងនៃប្រទេសថៃសព្វថ្ងៃផង។

បេសកកម្មសិក្សាស្រាវជ្រាវនៅក្នុងខេត្តបាត់ដំបងនាពេលនេះ គឺក្រុមស្រាវជ្រាវបានសិក្សាដល់ទីតាំង ប្រាសាទបុរាណសំខាន់ៗដែលលេចធ្លោកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដូចជា ១. ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម «ភូមិរបស់ព្រះរាជា») ២. ប្រាសាទបាសែត ឬប្រសិទ្ធី (ស្រីជ័យក្សេត្រ «ដែនដីនៃជ័យជម្នះ»)។ ប្រាសាទទាំងពីរនេះត្រូវបានស្ថាបនាសម្រាប់តម្កល់សិវលិង្គ “ស្រីសូរ្យវឫស្វរៈ» ជាលទ្ធិទេវរាជតំណាងរាជ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី១ និង ៣. ប្រាសាទស្នឹង។ ក្រៅពីស្នាដៃសំខាន់ៗទាំងនេះ ប្រាសាទបាណន់ដែលជាប្រាសាទ ដ៏សំខាន់មួយផ្តើមកសាងនៅក្នុងរជ្ជកាលនៃព្រះរាជាសោយរាជ្យបន្តពីព្រះបាទសូរ្យវរ្ម័នទី១ គឺព្រះបាទ ឧទយាទិត្យវរ្ម័នទី២ ជាបុត្រារបស់ព្រះបាទសូរ្យវរ្ម័នទី១ក៏បានសិក្សាបន្ថែមផងដែរ។ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជាសម័យកាលរុងរឿងខ្លាំងណាស់ ម្យ៉ាងរាជអំណាចនៃព្រះរាជា ខ្មែរអង្គនេះលាតសន្ធឹងធំធេងនិងល្បីរន្ទឺទៅដល់ប្រទេសជិតខាងដទៃទៀតផង ៕

ប្រាសាទឯកភ្នំ
ប្រាសាទបាសែត
ប្រាសាទស្នឹងខាងលិច
ប្រាសាទស្នឹងខាងកើត

ប្រភព៖ ឯកសារស្រាវជ្រាវចងក្រងដោយ លោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យានៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

អត្ថបទដកស្រង់និងស្រាវជ្រាវដោយ ៖ ស៊ូ អីន