ទ្រី ដាណា៖​អ្នក​មាន​ធនធាន​តិច​ ឬ​ច្រើន​ សូម​ចូលរួម​ជួយ​​វិស័យ​​គុន​ខ្មែរ​ទាំង​អស់​គ្នា​​

  • 2021-10-25 08:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ ទ្រី​ ដាណា​ ព្រឹក​មិញ​នេះ​បាន​ទៅ​ដល់​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ផ្ទាល់​តែ​ម្ដង​ ដើម្បី​យក​ថវិកា​ដែល​ជា​ជំនួយ​របស់​លោក​ស្រី​ផ្ដល់​ដល់​កម្មវិធី​គុន​ខ្មែរ​អលស្តារ​ នូវ​ទឹក​ប្រាក់​ ៣៥​លាន​រៀល។​

រូបភាពហ្វេសបុក លោកស្រី ទ្រី ដាណា

លោក​ស្រី​ ទ្រី​ ដាណា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ទឹកចិត្ត​អាណិត​ស្រឡាញ់​ និង​ចង់​លើក​ស្ទួយ​វិស័យ​កីឡា​គុន​ខ្មែរ​ឲ្យ​រឹតតែ​រីកចម្រើន​បន្ថែម​ទៀត។​ នេះ​ជា​ការ​ចំណែក​ក្នុង​នាម​ជា​អ្នក​ជំនួញ​មួយ​រូប​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ខ្មែរ។​ មួយ​វិញ​ទៀត​លោក​ស្រី​គឺ​មាន​ចិត្ត​អាណិត​កីឡាករ​ កីឡា​ការិនី​តែ​ម្ដង។​

រូបភាពហ្វេសបុក លោកស្រី ទ្រី ដាណា

លោក​ស្រី​ក៏​សំណូមពរ​ដល់​មហាជន​ក៏​ដូច​ជា​អ្នក​មាន​ធនធាន​តិច​ ឬ​ច្រើន​ទាំង​អស់​សូម​ចូលរួម​ជួយ​គាំទ្រ​វិស័យ​កីឡា​គុន​ខ្មែរ​ទាំង​អស់​គ្នា​ ព្រោះ​ជា​ក្បាច់​គុន​បុរាណ​របស់​កម្ពុជា​ជា​យូរ​មក​ហើយ។​ ការ​ជួយ​ពី​សំណាក់​មហាជន​គ្រប់​គ្នា​នឹង​ធ្វើ​ឲ្យ​កីឡា​នេះ​រីកចម្រើន​ ប្រកួត​បាន​ប្រាក់​កម្រៃ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ។​

រូបភាពហ្វេសបុក លោកស្រី ទ្រី ដាណា

រលឹក​ដែរ​ថា​ លោក​ស្រី​ ទ្រី ដាណា​ បាន​ជួយ​ជា​ថវិកា​ចំនួន​ ២០​លាន​រៀល​ ឬ​៥០០០​ដុល្លារ​ដល់​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​អលស្តារ​វគ្គ២។​ ចំណែក​កីឡាករ​ដែល​ប្រកួត​១០​គូ​កម្មវិធី​នេះ​អ្នក​ឈ្នះ​នឹង​បាន​ថវិកា​លើក​ទឹកចិត្ត​ ១​លាន​រៀល​ទៀត​ រី​ឯ​អ្នក​ចាញ់​បាន​៥០​ម៉ឺន​រៀល(១៥លាន​រៀល)។​ សរុប​ថវិកា​ទាំង​ការ​ជួយ​រៀបចំ​កម្មវិធី​ ប្រាក់​លើក​ទឹកចិត្ត​ និង​ស្បៀង​អាហារ​សម្រាប់​ក្លឹប​នាយដ្ឋាន​អង្គរក្ស​គឺ​មាន​ចំនួន​១ម៉ឺន​ដុល្លារ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​