ចេញហើយ វីដេអូ​ឡាន​ Cybertruck ពិតៗ ​បើក​គ្រប់​ស្ថានភាព​ផ្លូវស៊ីផុយ

  • 2021-10-25 09:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជាការផលិត​រថយន្ត Cybertruck របស់ Tesla ត្រូវពន្យារពេលដល់ឆ្នាំ២០២៣ ប៉ុន្តែវីដេអូ​មួយ​ដែលបង្ហាញ​ពីការបើកបរ​របស់​រថយន្តនេះលើគ្រប់ស្ថានភាព​ផ្លូវដោយ​គ្មាន​ការពិបាក នឹង​ធ្វើឱ្យលោកអ្នកមិនអាចរង់ចាំបានទៀតឡើយ។

តាម​រយៈ​វីដេអូ Teaser ប្រមាណ ១នាទី ដែលត្រូវគេលួចថតបាន​នៅ Showroom របស់​ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញ​នូវរថយន្ត Cybertruck ត្រូវបានបើកបរ​លើផ្លូវក្នុងទីក្រុង និង​លើ​ផ្លូវលំបាកៗ​ដូចជា​ផ្លូវ Off-road និង​វាលស្មៅ ដោយគ្មានបញ្ហា។

គួរ​កត់សម្គាល់​ថា វីដេអូនេះ​ទំនង​ជាបានថត​កាលពីខែមេសា ឆ្នាំ​២០២១​ កន្លងទៅ ពោលគឺនៅពេលដែល​លោក Elon Musk បាន​បើករថយន្តនេះផ្ទាល់​ទៅ​ធ្វើទស្សនកិច្ចនៅ​រោងចក្រ Giga Texas។ ខណៈ​ដែល​រថយន្តត្រូវបានបើកទៅដល់ ក្រុមបុគ្គលិក-កម្មករ ​បាន​ឈរព័ទ្ធរថយន្ត ហើយថត​បង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញ​ពីការភ្ញាក់ផ្អើលរបស់ពួកគេ។

សូមទស្សនាវីដេអូ៖

កន្លងមកនេះ មានការ​លេចធ្លាយថា តម្លៃនៃរថយន្តអគ្គិសនី Cybertruck គឺមាន​តម្លៃថោកជាងគេ​បើប្រៀបធៀប​នឹង​រថយន្ត Tesla ដទៃទៀត។ រថយន្ត​នេះ មានតម្លៃ ៣៩ ៩០០ដុល្លារ (សម្រាប់ Single-motor) បើប្រៀបធៀបនឹង​ Model 3 មានតម្លៃ ៤១ ៩៩០ដុល្លារ និង Model Y តម្លៃ ៥៤ ៩៩០ដុល្លារ។ យ៉ាងណាមិញ តម្លៃ Cybertruck ​នឹងខ្ពស់ជាងនេះពោលគឺប្រមាណ ៤៩ ៩០០ដុល្លារ សម្រាប់​ប្រភេទDual-motor AWD ឬឡើងដល់ ៦៩ ៩០០ សម្រាប់ប្រភេទ tri-motor AWD។

​ សម្រាប់​ប្រភេទ Single Motor រថយន្ត Cybertruck នេះ អាចជាន់ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,៥វិនាទី ហើយពេល​សាកភ្លើងពេញ​ម្តងអាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ រត់ដោយប៉ុង១ខាងក្រោយ។ ចំណែក​ប្រភេទ Dual Motor អាចបើកលើសនេះ ៨០គីឡូម៉ែត្រទៀត (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៤,៥វិនាទី) និង​ប្រភេទ Tri-motr បន្ថែម​ដល់ ៩៦គីឡូម៉ែត្រ (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៣,៥វិនាទី)៕

ប្រភព៖ insideevs   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី