ស្មាតហ្វូន Nokia ឌីហ្សាញ​បែបយោធា​ដែល​​អាចត្រាំ​ក្នុងទឹកបាន ១ម៉ោង ចេញលក់​ហើយ​ តម្លៃ​ជាង ៦០០ដុល្លារ

  • 2021-11-01 04:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HMD Global បាន​ប្រកាសដាក់​លក់​ជាផ្លូវការ​នូវស្មាតហ្វូន Nokia XR20 ដោយដាក់លក់​នៅតាម​ហាង និង​តាមអនឡាញ (វេបសាយរបស់​ក្រុមហ៊ុន)។ ស្មាតហ្វូននេះ ត្រូវបាន​ដាក់លក់​ក្នុងប្រទេស​ឥណ្ឌារួចមកហើយ កាលពីថ្ងៃទី១៨តុលាកន្លងទៅ តម្លៃជាង ៦២០ដុល្លារ​អាមេរិក។

Nokia XR20 ជាស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន​នេះ ដែល​ឌីហ្សាញ​ជាលក្ខណៈ​បែប​យោធា។ វា​អាចធន់​នឹង​សីតុណ្ហភាព​ដល់ ៥៥អង្សារសេ និង​ធន់ពីការធ្លាក់​ ១,៨ម៉ែត្រ ព្រមទាំងអាច​ត្រាំ​ក្នុងទឹកបាន ១ម៉ោងទៀតផង។

ស្មាតហ្វូន​នេះ មាន​អេក្រង់​ទំហំ ៦,៦៧​អ៊ិញ Full-HD+ ជាមួយ​កម្រិត​បង្ហាញ​រូបភាព​ 1080 x 2400P ស្រោបដោយ​កញ្ចក់​ការពារ Corning Gorilla Glass Victus។ វាបំពាក់​ឈីប Qualcomm Snapdragon 480 SoC និង RAM 6GB ជាមួយអង្គផ្ទុក​ទិន្នន័យ 128GB និងមាន​ថ្ម 4630mAh ភ្ជាប់មកជាមួយជម្រើស​ឆ្នាំងសាកលឿនឥតខ្សែ 18W និង 15W។

បន្ថែម​ពីនេះ XR20 មាន​ប្រព័ន្ធ Wi-Fi 6, Bluetooth v5.1, មុខងារ NFC និងរន្ធ USB-C។ វាក៏មាន​មុខងារ​ស្កេន​ក្រយៅដៃ​ដូចស្មាតហ្វូនដទៃទៀតដែរ។

ងាក​មក​ផ្នែក​កាមេរ៉ាសែលហ្វី មានទំហំ 8MP ប្រើ​អុបទិក Zeiss ព្រមទាំងមាន SpeedWarp Mode និង Action Cam Mode។ បើ​ថតវីដេអូវិញ ក៏បង្ហាញ​រូបភាព និងសំឡេងច្បាស់ ហើយថែម​ទាំងកាត់​សំឡេងរំខានទៀតផង។ ផ្នែកខាងក្រោយ មានកាមេរ៉ា២ ដោយ១ មានទំហំ 48MP និង១ទៀត​មានទំហំ 13MP Ultra Wide៕

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ សំភី