ពីក្មេង "កាយរកអាហារតាមធុងសំរាមដើម្បីរស់" ពេលនេះជីវិតផ្លាស់ប្តូរទាំងស្រុង ព្រោះបុរសចិត្តធម៌ម្នាក់នេះ

  • 2021-11-02 10:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ញ័រ គឺជាឈ្មោះក្មេងប្រុសកំសត់ម្នាក់ ដែលដើរកាយរកអាហារតាមធុងសំរាមដើម្បីបន្តជីវិតរស់។ ក្មេងប្រុសរូបនេះ ត្រូវរស់នៅក្រោមស្ពាន ព្រោះតែគ្មានផ្ទះសម្បែង ហើយមានពេលខ្លះត្រូវដេកអត់បាយ។ អ្វីដែលគួរឱ្យខ្លោចផ្សារនោះ គឺក្មេងប្រុសខាងលើត្រូវរស់នៅកណ្តោចកណ្តែងតែម្នាក់ឯង គ្មានបងប្អូន គ្មានឱពុកម្តាយនៅក្បែរផ្តល់ភាពកក់ក្តៅ ដូចកុមារផ្សេងទៀត ដែលមានវ័យដូចគ្នា។

អ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង ក្រោយពេលលោក ផន ផល្លា បានយកប្អូនប្រុសឈ្មោះ​ញ័រ មករស់នៅក្នុងមណ្ឌលរបស់លោក ផ្តល់ការថែទាំ មានបាយហូប មានកន្លែងស្នាក់នៅ ហើយទទួលបានការសិក្សាដែលជាអ្វីមិនអាចខ្វះបាន ក្នុងការជួយឱ្យប្អូនប្រុសកំសត់រូបនេះ មានចំណេះដឹងជ្រៅជ្រះ ទទួលបានអនាគតល្អ។ ញ័រ ត្រូវបានប្តូរឈ្មោះទៅជា «ផល្លា បញ្ញាស័ក្ត» ក្រោយពេលលោក ផល្លា យករូបគេមកចិញ្ចឹម។

បញ្ញាស័ក្ត លែងរស់នៅក្រោមស្ពានទៀតហើយ។ លែងដេកអត់បាយទៀតហើយ លែងដើរកាយធុងសំរាមដើម្បីស្វែងរកអាហារទៀតហើយ។ គេក៏លែងកណ្តោចកណ្តែងដោយរស់នៅតែម្នាក់ឯងទៀតដែរ។ ពេលនេះគេអាចមានកន្លែងស្នាក់នៅសមរម្យ មានអាហារហូបគ្រប់គ្រាន់ គេមានឱកាសចូលរៀនដូចក្មេងដទៃ ព្រមទាំងទទួលបានការថែរទាំយ៉ាងយកចិត្តទុកដាក់ពីមណ្ឌលរបស់លោកផល្លា ព្រមទាំងទទួលបានបងប្អូន និងមិត្តភ័ក្តិជាច្រើនដែលរស់នៅក្នុងមណ្ឌលជាមួយគ្នា៕

អត្ថបទ ៖ សង្ហា