ចេញ​ពី​ក្លឹប​បាល់​ទះ​វិសាខា ម៉ី រស្មី បាន​បន្សល់​ទុក​​ស្នាដៃ​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

  • 2021-11-26 06:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អាជីព​​មាន​ឈ្មោះ​បោះសំឡេង​ ម៉ី រស្មី បាន​ដាក់​ពាក្យ​លាឈប់​ពី​សមាគមន៍​បាល់​ទះ​​វិសាខា ក្រោយ​រួម​រស់​​​អស់​រយៈ​ពេល​៩​ឆ្នាំ។ ការ​ចាកចេញ​នេះ​ ដោយ​សារគេមាន​បញ្ហា​របួស​ចង្កេះ​មិន​អាច​ហ្វឹកហាត់ និង​លេង​បន្ត​ទៀត​បាន​។

ម៉ី រស្មី និង ឯកឧត្ដម ស សុខា ប្រធានក្លឹប

កីឡាករ​ជំនាញ​ទាបក្រោយ បាន​បញ្ជាក់​ថា ៖«ព្រោះ​បញ្ហា​ចង្កេះ​ខ្ញុំ​វា​អត់​បាត់​ផង យើង​ហាត់​ទៅ​វា​ធ្វើ​ទុក្ខ អ៊ីចឹង​ខ្ញុំ​ក៏​ហាត់​អត់​កើត​ក៏​ដាក់​ពាក្យ​សុំ​ឈប់​តែ​ម្ដង យើង​មិន​អាច​បន្ត​បាន​ទេ​មើល​ទៅ តែ​នៅ​តែ​ស្រលាញ់​​នៅ​ចង់​លេង​»។

បញ្ហា​ចង្កេះ​របស់​អតីត​ជម្រើស​ជាតិ​បាល់ទះ​ក្នុង​សាល​កម្ពុជា បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០១៧ (ឈឺអត់ធ្ងន់) និង​លុះ​ដល់​ចុងឆ្នាំ២០២០ ក៏​ចាប់ផ្ដើមឈឺខ្លាំងហាត់លែងកើត បើ​ទោះ​បីជា​មាន​ការ​ព្យា​បាល​យ៉ាងណា​ក្ដី។

ម៉ី រស្មី បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង​ ព្រោះ​ថា​កម្លាំង​និង​បច្ចេកទេស​របស់​គេនៅ​​មាន​ទាំង​អស់ ទាស់​ត្រង់​មាន​បញ្ហា​ចង្កេះ​មួយ​មុខ​ប៉ុណ្ណោះ។

យ៉ាងណា​អំឡុង​លេង​ឱ្យ​ក្លឹប​​រយៈ​ពេល​៩​ឆ្នាំ​កន្លង​មក​នេះ គេ​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេសដូចជា៖

  • ឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ កីឡាជាតិលើកទី១

  • ឆ្នាំ ២០១៧ ទទួលបានពានរង្វាន់ ស្រាបៀរកម្ពុជា

  • ឆ្នាំ ២០១៧ ទទួលបានពានរង្វាន់ ស្រាបៀលីអូ(ជាកីឡាករបំរ៉ុង)

  • ឆ្នាំ ២០១៨ ទទួលបានពានរង្វាន់ក២ នៅប្រទេសថៃ(Select Truna Thailand)

  • ឆ្នាំ ២០១៨ ទទួលបានពានរង្វាន់កីឡាជាតិលើកទី ២

ក្រោយ​ចាកចេញ​ពីសមាគមន៍​បាល់ទះ​វិសាខា កីឡាករ​ធ្លាប់​ប្រកប​អាជីព​​បាល់​ទះ​នៅក្លឹប​​ប្រទេស​ថៃ​ នឹង​ចូល​បម្រើ​ការ​ងារ​មន្ត្រី​រាជការ​​នៅ​ស្នងការ​ក្រុង ហើយ​​រស្មី​បានសម្ដែង​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​ទៅ​កាន់ ឯកឧត្ដម ស សុខា ប្រធានក្លឹបបាល់ទះវិសាខា​។

រស្មី បង្ហាញ​ពី​អារម្មណ៍​បែប​នេះ ៖«ជាដំបូងខ្ញុំបាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះមេ ឯកឧត្ដម ស សុខា ដែលជាប្រធានក្លឹបបាល់ទះវិសាខានិងក៏សូមអរគុណដល់ក្លឹបបាល់ទះវិសាខា ដែលបានផ្ដលឱកាសឲ្យខ្ញុំប្រកបអាជីពជាកីឡាករបាល់ទះរយៈពេល9ឆ្នាំកន្លងមក ក៏បានធ្វើឲ្យខ្ញុំយល់ដឹងនិងមានបទពិសោធ៍ខ្លះៗចំពោះកីឡាមួយនេះផងដែរ​ ហើយមេក៏បានទំនុកបម្រុង​ផ្ដល់ការងារដ៏ល្អសំរាប់ខ្ញុំផងដែរ​ វិសាខាគឺជាផ្ទះទី2របស់ខ្ញុំ​ ខ្ញុំអត់មានអីតបស្នងមេទេមានតែលើកម្រាមដៃទាំង10 អរគុណចំពោះមេ​ ប៉ុន្តែខ្ញុំក៏បន្សល់ទុកស្នាដៃនិងជាការតបស្នងចំពោះមេ ខ្ញុំក៏បានជួយឲ្យ​ក្រុមទទួលបានពានរង្វាន់មួយចំនួនផងដែរ»។

គួរ​បញ្ជាក់​ថា ម៉ី រស្មី ចូលហ្វឹកហាត់នៅសមាគមន៍បាល់ទះវិសាខានៅឆ្នាំ២០១៣ (បង្កើតដំបូង) លេងតំណែងទាបក្រោយ (វៃបាល់លើកស្រួច) និងបាល់បីម៉ែត្រកណ្ដាល។ ស្មាត់កម្ពស់ ១,៨៧ម៉ែត្រវ័យ ២៧​ឆ្នាំ ធ្លាប់លេងឱ្យក្លឹបថៃ NK Fitness ឆ្នាំ២០១៧ ហើយជាជម្រើសជាតិបាល់ទះលើក្ដារកម្ពុជា ទៅលេងនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ និងហ្វីលីពីនឆ្នាំ២០១៩៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម