មកទល់នឹងពេល​នេះ អ្នក​ចាក់វ៉ាកសាំងដូសទី៣ ឬដូសជំរុញ បាន​ប៉ុន្មាន​នាក់ហើយ​នៅ​កម្ពុជា?

  • 2021-11-26 13:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដើម្បី​បង្កើន​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង​ជំងឺកូវីដ-១៩ ប្រភេទ​ដែលតា​ (Delta) និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេង​ទៀត​ ដោយប្រើប្រាស់ប្រភេទ​វ៉ាក់សាំង​ AstraZeneca ចាប់​តាំង​ពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១​មក​ ដែល​ជា​ពិសេស​ចាក់​ទៅ​លើ​ពួក​ជួរ​មុខ​ (​កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជការ​ និង​គ្រូពេទ្យ​)។

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ អ្នក​ដែល​ទទួល​បាន​វ៉ាក់សាំង​ដូស​ជំរុញ​ប្រមាណ​ ២លាន ២សែននាក់​ហើយ (ទិន្នន័យ​ពិត​ប្រាកដ​ ២,១៩៩,៣៨២នាក់) ដោយនៅក្នុងនោះបានប្រើប្រាស់​វ៉ាក់សាំង Sinopharm ២៨ដូស Sinovac ១,១០៥,៤៤១ដូស AstraZeneca ជំនួយរបស់​ជប៉ុន​ចំនួន​ ៦៦៥,១៧៤ដូស​ ប្រភេទ​វ៉ាក់សាំង​នេះ​ដដែល​តែ​ជា​ជំនួយ​របស់​អង់គ្លេស​ចំនួន​ ៤១៤,៥០៧ដូស​ និងប្រភេទ AstraZeneca ដដែល​នេះ​តែ​ពី​កូរ៉េខាង​ត្បូងចំនួន ១៤,២៣២ដូស។

ទាក់​ទង​នឹង​កម្មវិធី​ចាក់​វ៉ាក់សាំង​ដូសទី៣​នេះ​ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ Sinophaarm ឬ​ Sinovac ចំនួន​២ដង​រួច​ហើយ​ អាច​ចាក់​ចាក់​វ៉ាក់សាំង​ប្រភេទ​ដដែល​នេះ​ក៏​បាន​ ឬ​ក៏​ប្រភេទ​ AstraZeneca ឬ​ Pfizer ឬ​ក៏​ Moderna ជា​ដូស​ជំរុញ​ក៏​បាន​។

សម្រាប់​អ្នក​ដែល​ទទួល​បាន​ AstraZeneca ឬ Johnson & Johnson គ្រប់​ដូស​ហើយ​នោះ​ អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​ដដែល​នេះ​ ឬ​ Pfizer ឬ​ក៏​ Moderna ជា​ដូស​ជំរុញ​ក៏​បាន​។

ចំពោះ​ការ​វ៉ាក់សាំង​ដូស​ទី៣​នេះ សម្រាប់​មន្ត្រី​ជួរមុខ​ មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦០ឆ្នាំ​ និង​អ្នក​មាន​ប្រព័ន្ធការពារ​រាង​កាយ​ខ្សោយ​គួរ​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​ទី​៤ និង​ខែ​ទី​៦​ រី​ឯ​ប្រជា​ជន​ទូទៅ​គួរ​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​ទី​៦ និង​ខែ​ទី​៨ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម