តាម​ពិត​ដើម​ឈើ​ចាំ​ស្នេហ៍​លើ​ផ្លូវ​ទៅ​ខេត្ត​ព្រះសីហនុ សម្ដេច​តេជោ ហ៊ុន សែន ជា​អ្នក​ដាក់​ឈ្មោះ បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​ណាស់

  • 2021-12-01 08:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កន្លែង​សំខាន់​ចំនួន​២​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ព្រះសីហនុ នោះ​គឺ កន្លែង​អក្សរឆ្លាក់​ធំ​ៗ "ខ្មែរ​ធ្វើ​បាន" និង​កន្លែង​ "ដើម​ឈើ​ចាំ​ស្នេហ៍" ដែល​នៅ​ថ្ងៃ​នេះ​ទើប​ដឹង​ថា សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ដាក់​ឈ្មោះ ស្រប​ពេល​ដែល "ដើម​ឈើ​ចាំ​ស្នេហ៍" បង្កប់​នៅ​អត្ថន័យ​ពី​ក្រោយ​យ៉ាង​ជ្រាលជ្រៅ។

សម្ដេចតេជោ ហ៊ុន សែន ទើប​នឹង​បើក​កកាយ​រឿង​នេះ​នៅ​ថ្ងៃ​នេះ​វេលា​ដែល​សម្ដេច​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជា​ថ្មី​លើ​ទឹកដី​ខេត្ត​ជាប់​មាត់​សមុទ្រ​រសៀល​នេះ ត្រៀម​សម្រាប់​ការ​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​ខេត្ត​នៅ​ព្រលឹម​ថ្ងៃ​ស្អែក។

នៅ​ក្នុង​បទ​សម្ភាសន៍​រយៈ​ពេល​ខ្លី​ជាមួយ​អ្នក​សារព័ត៌មាន សម្ដេច​តេជោ ហ៊ុន សែន ពន្យល់​ចំពោះ​ការ​ប្រសិទ្ធនាម​ឲ្យ​ដើម​ឈើ​មួយ​ដើម​ដែល​ឈរ​បង្អួត​ខ្លួន​លើ​កណ្ដាល​ផ្លូវ​ទើប​ស្ថាបនា​ថ្មី​​នេះ​ថា ពាក្យ​ថា "ដើម​ឈើ​ចាំ​ស្នេហ៍" ឬ "សិលា​ចាំ​ស្នេហ៍" គឺ​តំណាង​ឲ្យ​ភាព​គង់វង្ស ដែល​មិន​ចេះ​បាត់​បង់។

រូបភាព៖ ទំព័រ ទេសភាពក្រុងព្រះសីហនុ

សម្ដេច​ថ្លែង​ថា "ពាក្យ​ថា "ចាំ" គឺ​វា​មិន​ដែល​ជួប​ទេ​គ្នា​ទេ គឺ​ចាំ​រហូត!”។ ចំណុច​នេះ​សម្ដេច​បន្ត​ពន្យល់​ថា វា​ជា​ស្ថានភាព​គង់វង្ស ស្ថិតស្ថេរ មិន​ប្រែប្រួល និង​មិន​បាត់​បង់ ហើយ​អត្ថន័យ​ទាំង​នេះ​ទៀត​សោត​ក៏​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ស្ថានភាព​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​ថែម​ទៀត ដែល​ភាគ​ច្រើន​គេ​មិន​ដឹង​ពី​អត្ថន័យ​ទូលាយ​ដែល​បង្កប់​ពី​ក្រោយ។

“សារព័ត៌មាន​អាច​ចោទ​សួរ​ថា ចុះ​ម៉េច​ទៅ​ពាក់​ព័ន្ធ​នឹង​រឿង​អស់​នេះ​ទៅ​វិញ...ខ្ញុំ​ចង់​ជម្រាប​ថា ពាក្យ​គង់វង់ គឺ​មិន​បាត់បង់ គឺ​សំដៅ​លើ​ការ​រក្សា​សន្តិភាព​មិន​ឲ្យ​បាត់​បង់ រក្សា​ការពារ​រាជបល្ល័ង្គ​មិន​ឲ្យ​បាត់​បង់...អីចឹង​នេះ​ជា​អត្ថន័យ​ដែល​ក្ដោប​ដែល​មាន​វា​ន័យ​ទូលាយ​បែប​នេះ ដែល​គេ​មិន​បាន​ដឹង!”។

រូបភាព៖ ហ្វេសប៊ុក Sothea Dara

ទី​កន្លែង "ដើម​ឈើ​ចាំ​ស្នេហ៍" បាន​ក្លាយ​ជា​ទី​ពេញ​និយម​មួយ​នៅ​លើ​កំណត់​ផ្លូវ​ឆ្ពោះ​ទៅ​ខេត្តព្រះសីហនុ ដោយ​គេ​បាន​ឃើញ​អ្នក​ដំណើរ ពិសេស​យុវជន យុវនារី​ជា​ច្រើន​រមែង​ចុះ​ថត ភ្ជាប់​អនុស្សាវរីយ​ជាមួយ​ទី​នេះ ទី​កន្លែង​ដែល​មាន​សោភណ្ឌ​ភាព​ល្អ​ទាក់​ភ្នែក ទើប​លេច​ឡើង ក្រោយ​ពី​ខេត្ត​ព្រះសីហនុ​បាន​​កែ​មុខ​មាត់​ថ្មី៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី