មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ អភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs

  • 2021-12-29 04:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ​ព្រះកុសមៈ​បានអនុវត្ត​​ឌីជីថលូបនីយកម្ម​ក្នុងអំឡុងពេល​កូវីដ ១៩ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​គ្រូពេទ្យជួរមុខ​នៅពេល​ព្យាបាល​អ្នកជំងឺ ដោយ​បាន​សហការជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ មិត្តហ្វូន ដើម្បី​ដាក់ពង្រាយ​ប្រព័ន្ធ PACs នៅក្នុង​មន្ទីរពេទ្យ។ កិច្ចសហប្រតិបត្តិការនេះ ក៏​រួមបញ្ចូលទាំង​ដំណើរការ​នៃ​ការអនុវត្ត ការបណ្ដុះបណ្ដាល​វេជ្ជបណ្ឌិត និង​ការ​គាំទ្រ​បច្ចេកទេស ផងដែរ។

ក្នុង​យុគសម័យ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា មន្ទីរពេទ្យ​ និងគ្លីនិក​នានា​កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​​ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ប្រព័ន្ធ​ IT របស់​ខ្លួន​នៅក្នុង​វិស័យ​សុខាភិបាល ដូច្នេះ ការអភិវឌ្ឍ​ប្រព័ន្ធ​រក្សា​ទុក​និង​បញ្ជូន​ទិន្នន័យ គឺជាការចាំបាច់។ PACs គឺ​ជា​ប្រព័ន្ធ​រក្សាទុកនិងបញ្ជូន​រូបភាព (Picture Archiving Communication System) ដែល​ផ្ដួចផ្ដើម​ឡើង​នៅក្រោម​អនុស្សរណៈ​នៃ​ការយោគយល់គ្នា​រវាង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ផ្ដល់​សេវាកម្ម​ឌីជីថល​សម្រាប់​វិស័យ​សុខាភិបាល និង​ផ្ដល់​ដល់​ប្រទេស​ទាំងមូល​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ និងឌីជីថល​ឈានមុខ​គេ ។

យោងតាមក្រុមហ៊ុន​ មិត្តហ្វូន ប្រព័ន្ធ PACs នេះត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​ព្រះកុសមៈ កាលពីពេលថ្មីៗនេះ ដើម្បី​កែលម្អ​បច្ចេកវិទ្យាថ្មីសម្រាប់បម្រើ​ការងារ​ស្កែនរូបភាពវេជ្ជសាស្ត្រ​នៅកម្ពុជា។ ការប្រើប្រាស់​ប្រព័ន្ធ​ PACs នាំមកនូវ​អត្ថប្រយោជន៍ជាច្រើន​ដល់​មន្ទីរពេទ្យ​និងគ្លីនិក ការគាំទ្រ​ល្អ​ប្រសើរ​នៅក្នុង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍ជាច្រើន​ទៀត​សម្រាប់អ្នកជំងឺ ដូចជា៖

សម្រាប់​គណៈគ្រប់គ្រង​ (នាយកដ្ឋាន​មន្ទីរពេទ្យ គ្លីនិក)

  • ការសន្សំសំចៃចំណាយ៖ ប្រព័ន្ធ PACs ជំនួស​គ្រឿងសម្ភារៈគ្រប់គ្រង​ដែល​ផ្អែក​លើ​ការ​បោះពុម្ព ដោយ​កាត់បន្ថយ​ចំណាយ​លើការទិញ​ហ្វ៊ីលនិង CD រៀងរាល់ឆ្នាំ។ ដោយ​មិនចាំបាច់​ត្រូវរក្សា​ទុក​ហ្វ៊ីលនិង​សម្ភារៈវេជ្ជសាស្ត្រ គេអាចសន្សំសំចៃលើ​ឃ្លាំង​ និង​លំហ​ទីតាំង​សម្រាប់រក្សាទុក​ហ្វីល។
  • ការធ្វើ​ការពីចម្ងាយ៖ អាចពិនិត្យ​មើល​និងធ្វើរបាយការណ៍ពីចម្ងាយ​បាន (ការធ្វើរោគវិនិច្ឆ័យពីចម្ងាយ) ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​នៅទីកន្លែង​ភូមិសាស្ត្រ​ខុសៗគ្នា ចូលមើល​និង​ប្រើប្រាស់​ព័ត៌មាន​និងរូបភាពតែមួយ​ជាមួយគ្នា​បាន ក្នុង​ពេល​ដំណាលគ្នា។

  • ធ្វើទំនើបកម្ម​និង​កែលម្អ​លទ្ធផល​ការងារ​៖ របស់​ផ្នែក​ស្កែន​រូបភាពរោគវិនិច្ឆ័យ ស្របទៅតាមនិន្នាការ​បច្ចេកវិទ្យា ៤.០ ព្រមទាំង​ពង្រឹង​សមត្ថភាពគ្រប់គ្រង​និង​តាមដាន​នៅក្នុង​មន្ទីរពេទ្យ-គ្លីនិក និង​ផ្សារ​ភ្ជាប់​និងបង្កើន​កិច្ច​សហប្រតិបត្តិការ​ ។

  • លើក​កម្ពស់​ភាពវិជ្ជាជីវៈ​កាន់តែប្រសើរឡើង៖ នៅក្នុងដំណើរការ​វះកាត់ ដោយ​ជួយ​លើកស្ទួយ​កិត្តិនាម​យីហោ​របស់​មន្ទីរពេទ្យ​និងគ្លីនិក។

វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធាន​មន្ទីរពេទ្យ​ព្រះកុសមៈ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​ព្រះកុសមៈ​គឺ​ជា​មន្ទីរពេទ្យ​ដំបូងគេ​នៅក្នុងប្រទេស​កម្ពុជា ដែលស្ម័គ្រចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ PACs នេះមុនគេបង្អស់។ លោក​វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែង​យ៉ាងដូច្នេះ​ថា៖ «យើង​បាន​សង្កេតឃើញថា ប្រព័ន្ធ​នេះ​ស្រួលប្រើ​និង​មាន​សារប្រយោជន៍ច្រើនណាស់​សម្រាប់​ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យថ្មី​នៅមន្ទីរពេទ្យ​ព្រះកុសមៈយើង។ ហើយ​សម្រាប់ឆ្នាំ​២០២២នេះ យើងគ្រោង​ដំឡើង​មុខងារ​ច្រើនថែមទៀត​នៃ​ប្រព័ន្ធ PACs នេះ នៅតាម​​នាយកដ្ឋាន​នានា ដើម្បីពួកគេអាច​ទទួលបាន​ផល​ប្រយោជន៍ពី​បច្ចេកវិទ្យាស្កែនទំនើបនេះ និង​អាច​រក្សា​ទុករបាយការណ៍វេជ្ជសាស្ត្រ​ ទិន្នន័យនិង​ព័ត៌មាន​រោគវិនិច្ឆ័យសំខាន់ៗរបស់អ្នកជំងឺ ឲ្យ​មានសុវត្ថិភាព»

យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិនត្រឹមតែជួយធ្វើឲ្យកាន់តែមាន ប្រសិទ្ធភាព​នូវពេលវេលា​ដំណើរការ​ព្យាបាល​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយ​លើក​កម្ពស់​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ មិត្តហ្វូន និងមន្ទីរពេទ្យ​ព្រះកុសមៈ ទៀតផង។

មុខងារថ្មីៗទៀត​នាពេល​ខាងមុខ នឹងធ្វើ​ឲ្យ​ប្រព័ន្ធនេះកាន់តែ​ងាយស្រួល​ប្រើ​ថែមទៀត​ និង​កាត់បន្ថយ​ថ្លៃ​ចំណាយរបស់មន្ទីរពេទ្យ​បាន​យ៉ាងច្រើន ជាពិសេស ជួយគាំទ្រ​មន្ទីរពេទ្យ​ក្នុងអំឡុងពេល​នៃស្ថានភាព​លំបាក​ផ្នែកសេដ្ឋកិច្ច​នេះ។ ជាមួយនឹងមុខងារ AI នៅពេល​ចាប់ផ្ដើម​អនុវត្ត​នៅមន្ទីរពេទ្យ​ព្រះកុសមៈ នា​ឆ្នាំ​២០២២​ខាងមុខនេះ ប្រព័ន្ធនេះនឹង​ផ្ដល់​លទ្ធផល​កាន់តែប្រសើរ​និងត្រឹមត្រូវ​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​អ្នកជំងឺ។ មុខងារ AI នេះ អាចពិនិត្យ​លើ​ឯកសារ​រាប់ពាន់នៃលទ្ធផល​ស្កែនពីមុនៗ ដើម្បី​រក​មើល​ព័ត៌មាន​លម្អិត​ និងបង្កើត​បាន​ជារបាយការណ៍វេជ្ជសាស្ត្រ​មួយដែល​ច្បាស់លាស់​និង​លឿន​រហ័ស​ជាងមុន។ ប្រព័ន្ធ​នេះ​ក៏មាន​បំពាក់នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ជាងគេ​បំផុត​នៅកម្ពុជា ផងដែរ។

នៅពេលអនាគត ប្រព័ន្ធ PACs នឹង​ធ្វើ​បច្ចុប្បន្នកាន់តែប្រសើរឡើង​ជាមួយនឹងកម្មវិធីបន្ថែម Tele-hospital ដោយ​​មន្ទីរពេទ្យ​ព្រះកុសមៈ​ដើរតួនាទីជា​មជ្ឈមណ្ឌល​កណ្ដាល​សម្រាប់​ PACs ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​គ្រូពេទ្យ​តាមខេត្ត​ជាច្រើន​ទៀត ឲ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក PACs។ បន្ទាប់មក គ្រូពេទ្យ​តាម​ខេត្ត​អាច​ស្នើសុំ​ជំនួយ​បន្ទាន់ភ្លាមៗពី​មន្ទីរពេទ្យ​ព្រះកុសមៈ​ដើម្បីជួយគាំទ្រ​និងធ្វើរោគវិនិច្ឆ័យ​ករណី​បន្ទាន់​នានា ដោយ​មិនចាំបាច់ត្រូវធ្វើដំណើរចម្ងាយឆ្ងាយ​ដែលប្រើ​រយៈពេល​យូរ ដូច្នេះសន្សំសំចៃពេលវេលា​ទាំង​សម្រាប់​អ្នកជំងឺ​ ទាំង​គ្រូពេទ្យ៕