ផ្លូវល្បឿនលឿន មិន​អាច​ឈប់ មិន​អាច​បក​ក្រោយ​បាន ចុះ​បើឡានជិតអស់សាំង តើគួរធ្វើយ៉ាងម៉េច?

  • 2022-01-05 04:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកមានបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានចម្ងល់ថា បើផ្លូវល្បឿនលឿនភ្នំពេញ _ព្រះសីហនុ មិនអាចបត់ឬថយក្រោយជាដាច់ខាតផងហ្នឹង តែបើឡានជិតអស់សាំង ត្រូវការកន្លែងឈប់សម្រាក ចូលបន្ទប់ទឹក បរិភោគអារហារវិញ តើយើងគួរធ្វើយ៉ាងម៉េច បើឮតែថា អត់ឲ្យបត់ថយក្រោយផង?

ជា​ចម្លើយ​ទៅ​នឹង​ចម្ងល់​នេះ ពី​ទំព័រ​ "ផ្លូវ​ល្បើន​លឿនភ្នំពេញ-ព្រះសីហនុ" បាន​ឲ្យ​ដឹង​ថា តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥណ្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។

តែយ៉ាងណា អ្នកបើកបរ ត្រូវ​ចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឲ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនមួយខ្សែនេះ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដោយ ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ពលរដ្ឋជាច្រើន បាន និង​កំពុងទន្ទឹងរង់ចាំធ្វើដំណើរលើផ្លូវដ៏ស្រស់ស្អាត និងទំនើបបំផុតរបស់កម្ពុជា​មួយនេះជាខ្លាំង។ ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ គឺជាតំបន់ដែលមានសក្តានុពលពាណិជ្ជកម្ម និង ទេសចរណ៍ ជាប់ ឆ្នេរសមុទ្រ នឹង​អាចបញ្ចប់ការសាងសង់ មុនកាលកំណត់ ហើយគ្រោង​នឹងដាក់ឲ្យ​ដំណើរការនៅចុងឆ្នាំ ២០២២ ខាងមុខ៕

ប្រភពរូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ