WURKZ ដើរតួសំខាន់លើកស្ទួយកីឡាប្រណាំងកង់ភ្នំ និងពង្រឹងសមត្ថភាពកីឡាករត្រៀមប្រកួតស៊ីហ្គេម

  • 2022-01-05 05:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលផលិតឡើងដោយកូនខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យកីឡាជិះកង់ភ្នំដែលកំពុងពេញនិយម ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់កីឡាករ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម តាមរយៈការឩបត្ថម្ភគំាទ្រព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ «WURKZ Mountain Bike Series»។ នេះបើតាមការលើកឡើងរបស់កីឡាករ អ្នករៀបចំកម្មវិធី និងតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្នុងវីដេអូចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

កីឡាករ ឈួន យ៉េន បានលើកឡើងក្នុងព្រឹត្តិការណ៍ WURKZ Mountain Bike Series ធ្វើឡើងនៅឯព្រែកលៀបកាលពីពេលថ្មីៗថា៖ «ការចូលរួមរបស់កីឡាករមានការកើនឡើងពីមួយវគ្គទៅមួយវគ្គដោយសារមានការលើកទឹកចិត្ត និងការឩបត្ថម្ភពីក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទើបធ្វើឲ្យកីឡាករទទួលបានភាពសប្បាយរីករាយ សុខភាពល្អ និងមិត្តភាពដែលធ្វើឲ្យដក់ក្នុងដួងចិត្តរបស់កីឡាករម្នាក់ៗ។» លោកបន្តថា ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ដែលមានរហូត ១៤ វិញ្ញាសារផ្សេងគ្នា ធ្វើឲ្យកីឡាករអាចពង្រឹងសមត្ថភាព និងគុណភាពសម្រាប់ត្រៀមប្រកួតថ្នាក់ជាតិ និងការប្រកួតស៊ីហ្គេម ក្នុងឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងនៅឯខេត្តសៀមរាប។

ស្រដៀងគ្នានេះដែរ កីឡាការនីជម្រើសជាតិ ខេន ម៉ាឡៃ ដែលកំពុងត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមនាពេលខាងមុខនេះ បានលើកឡើងក្រោយរូបនាងទទួលពានរង្វាន់លេខ១ចំពោះវិញ្ញាសារសម្រាប់មនុស្សស្រីយ៉ាងដូច្នេះថា៖ «ពេលចូលរួមការប្រកួតទើបយើងអាចដឹងពីសមត្ថភាពរបស់យើងថានៅខ្វះខាតចំណុចណា ហើយត្រូវបំពេញបន្ថែមអ្វីខ្លះ»។

ចំណែកឯកីឡាករ ងន គីមថាវ ក៏បាននិយាយដែរថា៖ «ខ្ញុំចង់លើកទឹកចិត្តឲ្យមានការចូលរួមការប្រកួតឲ្យកុះករ មិនមែនលុះត្រាតែមានកង់ល្អ ឬខ្លួនឯងមានសមត្ថភាពទើបប្រកួតបាននោះទេ។ ការចូលរួមនេះ ផ្តល់បទពិសោធន៍ល្អ ហើយប្រសិនបើទទួលបានចំណាតថ្នាក់ទៀតនោះគឺរឹតតែល្អ»។

ទន្ទឹមនឹងនេះតំណាងឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក ប៊ែន អ្នកគ្រប់គ្រងផ្នែកទីផ្សារ បានលើកឡើងដែរថា៖ «វាជាកម្មវិធីដ៏ល្អមួយដែលជំរុញឲ្យអ្នកទាំងអស់គ្នាអាចហាត់កីឡាដើម្បីសុខភាព ហើយម៉្យាងទៀតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ របស់យើង តែងចូលរួមឩបត្ថម្ភសកម្មភាពជាច្រើនទាក់ទងនឹងកីឡា»។

ក្នុងនោះ លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំក៏បានលើកឡើងដែរថា៖ «កីឡានេះទទួលប្រជាប្រិយភាពខ្លាំង និងមានភាពជាដៃគូដ៏ល្អជាមួយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលជំរុញកម្លាំងចិត្តឲ្យយើងចង់រៀបចំព្រឹត្តិការណ៍នេះបន្ថែមទៀត ហើយយើងសង្ឃឹមថាស្ថានភាពនឹងនៅតែមានអំណោយផលនៅឆ្នាំក្រោយ ដើម្បីយើងអាចត្រលប់ទៅរៀបចំការប្រកួតចំនួន ៥ជុំ ដូចដើម»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ WURKZ Mountain Bike Series នេះ ធ្វើឡើងចំនួន ៣ជុំ ផ្សេងគ្នា។ ជុំទី ១ ធ្វើឡើងនៅឯភ្នំជាលខេត្តកំពង់ស្ពឺ ជុំទី២ នៅព្រែកលៀបរាជធានីភ្នំពេញ ចំណែកឯជុំទី៣ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅគិរីរម្យខេត្តកំពង់ស្ពឺ។ តាមដានហ៊្វេសប៊ុកផេករបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗ តាមរយៈតំណភ្ជាប់ខាងក្រោម៕

Page ផ្លូវការ​របស់ Wurkz

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​