ក្រសួងកំណត់៦ចំនុចចាំបាច់បំផុត អំឡុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

  • 2022-01-14 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ដែល ប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងខណៈនៃការរកឃើញករណ៏ថ្មីៗ មួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្រសួងបានសូមស្នើ គ្រប់ស្ថាប័នអប់រំសាធារណទាំងអស់មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាពដូចខាងក្រោម ៖

១. ផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការ ប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ។

២. រៀបចំទីតាំងបិទផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់លេង ឬ ទីកន្លែងប្រមូលផ្តុំ ន និស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យនិស្សិត ឬ សិស្សានុសិស្ស ដែលមិន ពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់ខាត។

៣. ចងខ្សែសញ្ញា ឬ ដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាព ដែលអាចធ្វើទៅបាន។

៤. បិទផ្សាយសន្លឹកលទ្ធផលប្រឡង ឱ្យបាននៅឃ្លាតឆ្ងាយពីគ្នា ដោយប្រើក្ដារខៀន ផ្ទាំងបិទប្រកាស ឬ បញ្ហារផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបញ្ចៀសការប្រមូលផ្តុំកកកុញនៃបេក្ខជនប្រឡង។

៥. ចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ (ដែលបានបំពាក់ជូនតាមមណ្ឌលប្រឡងនីមួយៗ រួច ហើយ) ឬ ការបាញ់អាកុល (តាមលទ្ធភាពជាក់ស្ដែង ) ជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង។

៦. ណែនាំឱ្យបេក្ខជន ដែលមកមើលលទ្ធផលប្រឡង ត្រូវពាក់ម៉ាសជាប្រចាំ និងដោយចាំបាច់បំផុត និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡងបន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែរបង្អង់ រង់ចាំ ឬ ប្រមូលផ្ដុំជួបជុំគ្នាឡើយ៕