មូលនិធិជប៉ុន សហការជាមួយផ្សារទំនើបអុីអន រៀបចំពិព័រណ៍ម៉ានហ្គា ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា

  • 2022-01-15 03:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ(The Japan Foundation) សហការជាមួយ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដើម្បីរៀបចំ «ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ២០២២» ចាប់ពីថ្ងៃទី ១៤, ១៥, ១៦, ២២ និងទី២៣ ខែមករា ឆ្នាំ២០២២។ ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ២០២២នេះ មានគោលបំណងលើកកម្ពស់ទម្លាប់នៃការអាន ដែលជារឿយៗត្រូវបានគេនិយាយថា ទម្លាប់នៃការអានមានការថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា។

ក្នុងគោលដៅលើកទឹកចិត្តយុវជនឱ្យមានទម្លាប់អានឱ្យបានកាន់តែច្រើន យើងទាំងអស់គ្នាត្រូវពន្យល់ពួកគេអំពីអត្ថប្រយោជន៍ និងភាពទាក់ទាញនៃការអាន។

ម៉ានហ្កា (Manga) ជាភាសាជប៉ុន ដែលបកប្រែជាខេមរភាសាខ្មែរមានន័យថា សៀវភៅត្លុក គឺជាសៀវភៅត្លុក ដែលនៅក្នុងនោះមានតួអង្គនីមួយៗ ទាំងវីរបុរស ឬតួអង្គអាក្រក់ មិនថាស្អាត ឬអាក្រក់ មិនថាស្មោះត្រង់ ឬល្បិច ដើម្បីឱ្យអ្នកអានអាចស្វែងយល់ពីអារម្មណ៍ វប្បធម៌ សង្គម និងទស្សនវិជ្ជាផ្សេងៗ ដែលបង្កប់ក្នុងសាច់រឿងនៃម៉ានហ្កា។ ក្នុងនេះដែរ 4-feature ម៉ានហ្កា គឺជាម៉ានហ្កាដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន ដែលក៏នឹងត្រូវបានណែនាំបង្ហាញនៅក្នុង Panel នៅក្នុងកម្មវិធីនដែរ។

ទន្ទឹមនឹងបញ្ហានេះផងដែរ តាំងពីយូរយារណាស់មកហើយ នៅក្នុងប្រទេសជប៉ុន សៀវភៅរូបភាព ដែលជាភាសាជប៉ុនគេហៅថា «EHON» ត្រូវបានសង្គមជប៉ុនទាំងមូលវិនិច្ឆ័យថា ជាសម្ភារៈអប់រំសម្រាប់កុមារ។ កម្មវិធី «ការពិភាក្សាអំពី EHON (អិហុន)» នឹងណែនាំអំពីគំនិតនៃ EHON (អិហុន) ដែលបានបោះពុម្ពថ្មីពាក់ព័ន្ធនឹង SDGs។

នៅក្នុងពិព័រណ៍របស់យើងខ្ញុំ ក៏មានកម្មវិធី «Onomatopoei (អូណូម៉ាតូប៉ិ) Game» ដែលបង្ហាញពីភាពទាក់ទាញនៃ «Onomatopoei (អូណូម៉ាតូប៉ិ)» ដែលពាក្យនេះមានន័យថាការបង្ហាញអារម្មណ៍នៃតួអង្គ និងបរិយាកាសនៃឈុតឆាក ដោយគ្មានការសរសេរពន្យល់ច្រើន។ ម៉្យាងវិញទៀត នៅក្នុងពិព័រណ៍របស់យើងខ្ញុំ កម្មវិធី «ព្រះ និង បិសាចជប៉ុន តាមរយៈម៉ានហ្កាជប៉ុន» នឹងបង្ហាញពីបាតុភូតព្រលឹង ឬវិញ្ញាណដោយ យ៉ូកៃ (Yokai ជាភាសាជប៉ុន ដែលបកប្រែជាខេមរភាសាមានន័យថា បិសាច)។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីពិពណ៌នេះ ក៏មាន Manga ដ៏ពេញនិយមចំនួន ៤ ដែលត្រូវបង្ហាញ និងណែនាំ ដើម្បីបំផុសស្មារតីទស្សនិកជនឱ្យគិតថា យើងអាចសិក្សាមេរៀនសំខាន់ៗពីម៉ានហ្កា ដោយមិនឱ្យពួកគេដឹងខ្លួនថា ពួកគេបានចំណាយពេលយ៉ាងយូរក្នុងពិភពនៃស្នាដៃនេះ។

បើនិយាយអំពីអ្នកគាំទ្រម៉ានហ្កាវិញ គឺមានអ្នកគាំទ្រដែលចូលចិត្តម៉ានហ្កាជាខ្លាំង ដែលពួកគេធ្វើតម្រាប់តាមរូបរាងរបស់តួអង្គនៅក្នុងម៉ានហ្កា។ យើងហៅពួកគេថា «Cosplayers»។ គួរបញ្ជាក់ដែរថា នៅទូទាំងបណ្ដាប្រទេសក្នុងពិភពលោកមានព្រឹត្តិការណ៍ Cosplay ជាច្រើន ដែលមានអ្នកគាំទ្រចូលរួមយ៉ាងច្រើន។ ជាមួយគ្នានេះផងដែរ «ការណែនាំអំពី Cosplayers» «វគ្គថតរូប Cosplay» និង «ការបង្ហាញម៉ូត Cosplay ទ្រង់ទ្រាយតូច» នឹងប្រារព្ធឡើងជារៀងរាល់ថ្ងៃក្នុងពិព័រណ៍របស់យើងខ្ញុំ។ ទស្សនិកជននឹងមានឱកាសជួបជាមួយតួអង្គទាំងនោះ ដែលមើលទៅពួកគេហាក់ដូចជាផុសចេញពីពិភពម៉ានហ្កាពិតៗ។

នៅក្នុងពិព័រណ៍របស់យើងខ្ញុំ មិនត្រឹមតែមានកម្មវិធី និងព្រឹត្តិការណ៍សប្បាយៗតែប៉ុណ្ណោះទេ ទន្ទឹមនឹងបញ្ហានេះផងដែរ យើងខ្ញុំក៏មានកម្មវិធីពិភាក្សាជជែកវែកញែកស្ដីអំពីបញ្ហាដែលពាក់ព័ន្ធនឹងទម្លាប់អាន ស្របពេលដែលមានមតិនៃបុគ្គលមួយចំនួនបានលើកឡើងពីកង្វះសៀវភៅជាខេមរភាសាសម្រាប់អានផងដែរ។

យើងខ្ញុំនឹងជជែកវែកញែកពាក់ព័ន្ធនឹងបញ្ហានេះ។ ជាផ្នែកមួយនៃពិព័រណ៌សម្រាប់ «កម្មវិធីជជែកគ្នាអំពីវប្បធម៌នៃការអាននៅកម្ពុជា» ទស្សនិកជន នឹងមានឱកាសចូលរួមស្តាប់អំពីវិធីសាស្រ្តដែលអ្នកនិពន្ធវ័យក្មេងរបស់យើងស្វែងរកខ្លួនឯង កំណត់អត្តសញ្ញាណខ្លួនឯង និងប្រជាជនកម្ពុជា នៅក្នុងបរិបទដែលប្រទេសដែលរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ។

ក្នុងចំណោមអ្នកនិពន្ធវ័យក្មេង លោក ម៉ានិត ជាអ្នកនិពន្ធម្នាក់ ដែលយើងខ្ញុំអាចនិយាយបានថាជាបុគ្គលតំណាងឱ្យមនុស្សជំនាន់ថ្មី លោកក៏នឹងមានវត្តមាននៅក្នុង «ការប្រគុំតន្ត្រីខ្នាតតូចរបស់លោក ម៉ានិត» ដែលជាផ្នែកមួយនៃពិព័រណ៍របស់យើងខ្ញុំដែរ លោកនឹងបកស្រាយនូវបទចម្រៀងដ៏ពីរោះៗរបស់លោក ដែលអាចបង្ហាញពីថាមពលនៃការសរសេរ។

មកដល់ចំនុចនេះដែរ ឆ្លងតាមរយៈពិព័រណ៍ កម្មវិធីអាចនិយាយបានថា ភាពទាក់ទាញនៃ ម៉ានហ្កាគឺការលើកទឹកចិត្តមនុស្សម្នាឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងភាសាផងដែរ។ នៅក្នុងពិព័រណ៍របស់យើងខ្ញុំ ក៏មានកម្មវិធី «ជប៉ុន និងភាសាជប៉ុនតាមរយៈម៉ានហ្កាជប៉ុន» «សៀវភៅពុម្ពសិក្សាភាសាជប៉ុន vs ម៉ានហ្កាជប៉ុន» ដែលកម្មវិធីទាំងនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ានហ្កាជប៉ុន សម្រាប់អ្នកសិក្សាភាសាជប៉ុន។

នៅក្នុង «ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ២០២២» មានកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនទៀត ដើម្បីបំពេញការចង់ដឹង ចង់ឃើញ ចង់ស្គាល់របស់ទស្សនិកជន ដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីប្រទេសជប៉ុនតាមរយៈកម្មវិធី «កិច្ចពិភាក្សារបស់លោកគ្រូ មករា» «Ninja (និនចា) Game»។ គួរបញ្ជាក់ផងដែរ នៅក្នុងពិព័រណ៍របស់យើងខ្ញុំ ក៏មានស្តង់ពិសេស ដែលក្រុមការងារនឹងផ្តល់ព័ត៌មានជាក់ស្តែង ស្តីអំពីការសិក្សាភាសាជប៉ុនសម្រាប់អ្នកដែលចង់ដឹង ចង់ឃើញ ចង់ស្គាល់បន្ថែមពីប្រទេសជប៉ុនទៀតផង៕

អត្ថបទ៖ In Sopheng