Real លើក​ពាន តែ Hazard មុខមិន​រីក​ទេ​​ពេល​ក្រុម​កំពុង​អបអរ

  • 2022-01-17 03:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard បង្ហាញ​ទឹក​មុខ​មិន​រីក​សោះ អំឡុង​ពេល Real Madrid លើក​ពាន Spanish Super Cup ក្រោយ​ឈ្នះ ២-០ លើ​ក្រុម Athletic Bilbao។

គ្រាប់​បាល់​ពី Luka Modric និង Karim Benzema បាន​ជួយ​ឲ្យ​​​លោក Carlo Ancelotti ឈ្នះ​ពាន​ជា​លើក ចាប់​តាំង​​ពី​ត្រឡប់​មក​កាន់ Madrid វិញ។ ប៉ុន្តែ​ជ័យជម្នះ​នេះ Hazard មិន​មាន​ស្នាម​ញញឹម​ឡើយ ខណៈ​រូប​គេ​ត្រឹម​ជា​កីឡាករ​បម្រុង​មិន​បាន​លេង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ខាង​លើ។

អតីត​កីឡាករ​របស់ Chelsea រូប​នេះ​គឺ​ជា​កីឡាករ​របស់ Madrid តែ​ម្នាក់​គត់​ក្នុង​ក្រុម ដែល​មិន​បាន​បង្ហាញ​ភាព​រីករាយ ក្នុង​ពេល​ក្រុម​កំពុង​លើក​ពាន។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Real មួយ​ចំនួន​ចាប់​បាន​ និង​សរសេរ​លើ​បណ្ដាញ​សង្គម​ថា៖ “​គ្រប់​គ្នា​ញញឹម​ លើក​លែង​តែ Hazard”។

ចាប់​តាំង​ផ្លាស់​ពី Chelsea មក​កាន់ Real Madrid ក្នុង​ឆ្នាំ​២០១៩ នូវ​តម្លៃ​ខ្លួន​​១០០​លាន​អឺរ៉ូ​ Hazard ហាក់​មិន​សូវ​ជោគជ័យ​ជាមួយ​ក្រុម​ថ្មី​ឡើយ។ ៣​រដូវ​កាល​ជាមួយ​ Madrid កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​លេង​បាន​តែ​៥២​ប្រកួត​ប៉ុណ្ណោះ​គិត​គ្រប់​កម្មវិធី និង​រក​បាន​៥​គ្រាប់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ