កុំចង់សាកជាមួយអូមីក្រុង! ៣ប្រទេសហើយដែលមានអ្នកស្លាប់ និងកំពុងរាលដាលលឿនដូចព្យុះទាំងអាស៊ីនិងអឺរ៉ុប

  • 2022-01-17 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីឈ្មោះថា អូមីក្រុង បាននឹងកំពុងវាយលុកឆ្លងរាលដាលយ៉ាងលឿន ដូចព្យុះនៅក្នុងបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ពិសេសតំបន់ទ្វិបអឺរ៉ុប និងអាស៊ី ខណៈមកដល់ពេលនេះមានប្រទេសចំនួន៣ហើយដែលឈានដល់មនុស្សស្លាប់ដោយសារមេរោគដ៏កាចសាហាវមានប្រភពមកពីទ្វីបអាហ្វ្រីកមួយនេះ។

បើគិតចាប់តាំងពីមានការផ្ទុះរីករាលដាល រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសគឺបណ្ដាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបតែម្ដង កំពុងតែប្រឈមជាមួយនឹងការវាយលុករបស់វីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដល់ទៅរាប់ពាន់ករណីផងដែរ។ ក្នុងនោះ នៅប៉ែកអាស៊ីឯណេះវិញក៏បាននឹងកំពុងទទួលរងនូវការវាយប្រហារ និងគំរាមគំហែងពីរលកថ្មីនៃមេរោគនេះដែរ រហូតមកដល់ពេលនេះ មាន៣ប្រទេសហើយគឺ ថៃ អូស្ត្រាលី និងឥណ្ឌា ដែលមានអ្នកជំងឺស្លាប់ដោយសារមេរោគថ្មីអូមីក្រុងនេះ។

ទន្ទឹមនេះ ស្ថានភាពអូមីក្រុងនៅកម្ពុជាយើងឯណេះវិញក៏ស្ថិតក្នុងការព្រួយបារម្ភផងដែរ ខណៈរលកថ្មី បាននឹងកំពុងរុញកំណើនអ្នកវិជ្ជមានជាបន្តបន្ទាប់ រហូតមានករណីឆ្លងចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ កាន់តែព្រួយបារម្ភ បើទោះបីកម្ពុជាបានស្រោចវ៉ាក់សាំងស្ទើរតែ១០០%មកលើប្រជាជនហើយក្ដីក៏ស្ថានភាពអូមីក្រុងនេះស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុតមួយផងដែរ។

សូមបងប្អូនមេត្តាប្រុងប្រយ័ត្នកុំប្រហែសឲ្យសោះ ស្ថានភាពកាន់តែមិនល្អហើយសម្រាប់កម្ពុជា ជាក់ស្តែងរឿងដែលគួរឲ្យព្រួយបារម្ភបំផុត គឺការឆ្លងរីករាលដាលជាករណីធំៗ អ្នកឆ្លងនិង អ្នកពាក់ព័ន្ធនៅក្នុងសហគម៍ គឺករណី វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុងទៅលើ បុរសជនជាតិស្វីសពីរនាក់នៅឯខេត្តបាត់ដំបងដែលមកដល់ពេលនេះមានអ្នក ពាក់ព័ន្ធរហូតដល់ទៅ ០៧នាក់ ក៏ដូចជាបុរសម្នាក់ទៀតនៅខេត្តកំពតដែលរកឃើញអ្នកពាក់ព័ន្ធបានឆ្លងអូមីក្រុងជាច្រើននាក់ទៅហើយដែរ មកដល់ពេលនេះ ៕

អត្ថបទដោយ៖ ស៊ូ អីន