Honda Forza ម៉ាស៊ីនតូច ១២៥ ឆ្នាំ២០២២ ចេញហើយ តម្លៃវិញចង់ស្មើអាធំ

  • 2022-01-20 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូធំលេខអូតូម៉ាក Honda Forza ត្រូវបានចេញលក់ជាច្រើនឆ្នាំ ដោយទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់។ Honda Forza ដែលចេញកាលពីកន្លងទៅ ប្រើប្រាស់ម៉ាស៊ីនធំ ៣៥០សេសេ សម្រាប់បំពេញតម្រូវការដល់អ្នកដែលចង់បានម៉ាស៊ីនធំ។ ដោយឡែក Honda Forza នេះក៏មានជម្រើសម៉ាស៊ីនតូច ទំហំ ១២៥សេសេផងដែរ ពោលគឺថ្មីៗនេះក្រុមហ៊ុន Honda នៅអឺរ៉ុប ទើបបានប្រកាសចេញជាផ្លូវការ ម៉ូតូ Honda Forza 125 ឆ្នាំ២០២២។

Honda Forza 125 2022
Honda Forza 125 2022

យោងទៅតាមរូបភាព យើងអាចឃើញបានថា Honda Forza 125 ឆ្នាំ២០២២ គឺមានរូបរាងដូចគ្នាបេះបិទ ទៅនឹងបងធំរបស់វា ហើយចំណុចមួយដែលខុសគ្នានោះ គឺរូបរាង និងទំហំនៃម៉ាស៊ីន។ វាត្រូវបានបំពាក់មកដោយម៉ាស៊ីនទំហំ ១២៥សេសេ ប្រភេទ eSP+ បញ្ចេញកម្លាំងសរុបបាន ១៣សេះ និងមានកម្រិតស៊ីសាំងគឺ ៤២គីឡូម៉ែត្រ ស៊ី ១លីត្រ។ ម៉ាស៊ីនមួយនេះ ជាម៉ាស៊ីនដែលយើងធ្លាប់ឃើញមាននៅលើ PCX125 លក់លើទីផ្សារប្រទេសជប៉ុន។

ចំពោះផ្នែកសុវត្ថិភាពវិញ Honda Forza 125 នេះ បំពាក់ដោយបច្ចេកវិទ្យាទំនើបដូចជា HSTC (មុខងារទប់មិនឲ្យរអិល), ISS(មុខងារពន្លត់ និងបញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តិ) និងហ្វ្រាំង ABS ទាំងកង់មុខ និងកង់ក្រោយ។ ក្រៅពីនោះ វាក៏មានបំពាក់មុខងារបន្ទាប់បន្សំផ្សេងៗ ដូចជា Smart key, រន្ធសាកថ្ម USB និងកញ្ចក់បាំងខ្យល់ខាងមុខ ដែលអាចសារ៉េកម្ពស់បាន។

បច្ចុប្បន្ន ម៉ូតូនេះគឺមានលក់តែនៅទីផ្សារអឺរ៉ុបប៉ុណ្ណោះ ព្រោះវាផលិតឡើង ដើម្បីតម្រូវច្បាប់នៃការបើកបរនៅតាមបណ្តាប្រទេសនៃសហភាពអឺរ៉ុប ដូចច្នេះយើងមិនសង្ឃឹមថាវានឹងមាននៅទីផ្សារអាស៊ីយើងឡើយ។ ចំណែកឯតម្លៃវិញ វាក៏មិនខុសគ្នាច្រើនពីបងធំ ៣៥០សេសេ ឡើយ ពោលគឺ Forza 125 មានតម្លៃដាក់លក់ ៤៩៤៩អឺរ៉ូ (៥៦២០ដុល្លារ) ហើយចំណែកឯ Forza 350 មានតម្លៃ ៥៤៦៩អឺរ៉ូ (៦២១១ដុល្លារ)៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម