ដឹង កូនខ្មែរកាត់កូរ៉េ អ៊ីអ៊ី មកស្រុកខ្មែរលើកនេះ មានកាដូអ្វីជូនបងប្អូនខ្មែរអត់?

  • 2022-01-21 07:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជ្រុះបាត់ឱកាសក្លាយជាតារា K-POP តាមរយៈការប្រឡងសមត្ថភាពកន្លងទៅថ្មីៗនេះ កូនខ្មែរកាត់កូរ៉េ ឈ្មោះ អ៊ីអ៊ី(EE) គ្រោងនឹងបង្ហាញសមត្ថភាពសិល្បៈរបស់ខ្លួននៅស្រុកខ្មែរវិញម្ដង។ ត្បិតថាមិនបានក្លាយជាតារាចម្រៀង K-POP នៅកូរ៉េ ប៉ុន្ដែអ៊ីអ៊ី នៅតែទទួលបានការគាំទ្រច្រើនពីយុវវ័យទាំងក្នុង និងក្រៅប្រទេស។

នៅម៉ោងប្រមាណ១១ យប់ ថ្ងៃទី២០ ខែមករា កញ្ញា អ៊ីអ៊ី បានធ្វើដំណើរមកដល់ស្រុកខ្មែរតាមជើងយន្ដហោះ ដោយមានម្ដាយនៅស្រុកខ្មែរស្រាប់ ចេញទៅទទួល អមដោយអ្នកគាំទ្រនាងរាប់រយនាក់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ដោយកញ្ញា អ៊ីអ៊ី លំបាកយល់ និងនិយាយជាភាសាខ្មែរ អ្នកស្រី លី យូរី ដែលត្រូវជាម្ដាយបង្កើតកញ្ញា អ៊ីអ៊ី បានផ្ដល់បទសម្ភាសន៍ខ្លីដល់អ្នកសារព័ត៌មានគ្រានោះថា ដំណើរមកកាន់ស្រុកខ្មែររបស់ អ៊ីអ៊ី មានគោលបំណងធំៗមួយចំនួន ហើយអ្វីដែលសំខាន់បំផុតនោះ គឺអ៊ីអ៊ី ចង់បង្ហាញសមត្ថភាពសិល្បៈជូនកូនខ្មែរបានស្ដាប់ និងទស្សនា។

អ្នកស្រី លី យូរី៖ “អ៊ីអ៊ី មកមួយជើងហ្នឹង និយាយឲ្យចំគាត់ចង់បង្កើតកម្មវិធីConcert សម្រាប់បងប្អូនទស្សនានិងបង្ហាញក្បាច់រាំK-POP អីចឹងទៅ…ហើយអ្វីដែលខ្ញុំ និងកូនចង់បានគឺចង់បង្ហាញបងប្អូនខ្មែរយើងថា អ៊ីអ៊ីជាកូនខ្មែរមួយរូប អាចធ្វើតារាK-POP បាន”។

បើតាមម្ដាយរបស់អ៊ីអ៊ី បទចម្រៀងK-POP ពេលខ្្លះមានប្រភពដើមចេញពីភ្លេងរបស់ខ្មែរ ប៉ុន្ដែចាក់ទៅជាចង្វាក់ Hip hope។ កាលនៅកូរ៉េ អ៊ីអ៊ី ប្រឹងប្រែងរៀនរាំ និងច្រៀងខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ហើយនេះជាឱកាសល្អសម្រាប់អ៊ីអ៊ី បង្ហាញសមត្ថភាពជាថ្មីសម្រាប់បងប្អូនខ្មែរស្ដាប់កម្សាន្ដ និងទស្សនា៕

ជិន សុភ័ក្ដ្រ