វប្បធម៌ខ្មែរអស្ចារ្យណាស់! រយៈពេលតែ១ថ្ងៃពន្លាជាតិកម្ពុជានៅឌូបៃ មានភ្ញៀវចូលទស្សនាដល់ជាង១ពាន់នាក់ គិតត្រឹមថ្ងៃនេះជាង១៧ម៉ឺននាក់ហើយ

  • 2022-01-26 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លាជាតិរបស់ប្រទេសកម្ពុជា ដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២០ឌូបៃ (Dubai) សហភាពអារ៉ាប់រួម គ្រាន់តែក្នុងរយៈពេល១ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនារហូតដល់ជាង ១ពាន់នាក់ ហើយគិតត្រឹមថ្ងៃទី២៣ ខែមករាឆ្នាំ២០២២នេះ បានទទួលភ្ញៀវឲ្យចូលទស្សនាចំនួនជាង ១៧ម៉ឹន ៤ពាន់នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសកម្ពុជាបានប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក២០២០ឌូបៃ ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗ ប្រមាណជាង ៥០ បានចូលរួមអបអរសាទរ។

ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ បានលើកឡើងថា ចាប់តាំងពីពេលបើកដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤, ០១៨ នាក់ ក្នុងនោះគ្រាន់តែក្នុងរយៈពេល ១ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនារហូតដល់ ជាង ១,០០០ នាក់។

ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរដោយច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗចំនួន៤គឺ៖ សម័យមុនអង្គរ , សម័យអង្គរ , សម័យលង្វែក ឬសម័យឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវអ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្តថា ដោយសារចំណុចពិសេសខាងលើទាំងអស់ ធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន៣០ ក្នុងចំណោម ១៩០ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។

សូមជម្រាបជូនថា ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល ០៦ ខែ ហើយបើកចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និងនិរន្តភាព។ តាមការរំពឹងទុក បន្ទាប់ពីការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នាពេលនេះ នឹងធ្វើឱ្យពិភពលោកស្គាល់ និង ចាប់អារម្មណ៍លើកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជារំពឹងថា តាមរយៈការរៀបចំវេទិការជំរុញការវិនិយោគ និងទេសចរណ៍នាពេលនេះ នឹងទាក់ទាញវិនិយោគគិន និងទេសចរណ៍អន្តរជាតិបានច្រើនថែមទៀតចូលមកកម្ពុជា៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម