អេក្រង់ Apple 27-inch ថ្មីនេះបំពាក់ដោយឈីប A13 Bionic ដូច iPhone ហើយនេះជាមូលហេតុ

  • 2022-03-09 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញក្នុងព្រឹត្តិការ peek performance កាលពីយប់មិញ Apple បានបញ្ចេញនូវកុំព្យូទ័រកំពូល Mac Studio ដែលគ្មានអេក្រង់នោះទេ។ នេះគឺជាពេលដ៏ល្អសម្រាប់បញ្ចេញនូវ អេក្រង់ដែលមានសមត្ថភាពខ្លាំង ទំហំ២៧អ៊ីញ Studio Display កម្រិតបង្ហាញ 5K មានបំពាក់មកដោយកាមេរ៉ា webcam ប្រព័ន្ធសំឡេង hi-fi និងជាពិសេសនោះ គឺតម្លៃដ៏កប់ពពក។ តោះទៅមើលថាតើ Spec លម្អិត របស់វាសមនឹងតម្លៃដែរឬទេ?

ចំណុចដំបូងដែលធ្វើឲ្យអ្នកប្រើ ឬ Fan Apple ពេញចិត្តនោះគឺលើកនេះ Apple អត់ចាំបាច់ឲ្យយើងទិញជើងចាប់ម៉ូនីទ័រដាច់ដោយឡែកក្នុងតម្លៃ ១ពាន់ដុល្លារដូចអេក្រង់ Pro Display នោះទេ។ លើកនេះជើងចាប់អេក្រង់គឺមានមកស្រាប់តែម្តង ដោយវាអាចដាក់បញ្ឈរក៏បាន ផ្តេកក៏បាន បង្វិលបាន៣០ដឺក្រេ ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។

ចូលដល់ចំណុចសំខាន់នៃអេក្រង់ Apple 27-inch Studio Display នេះមានសមត្ថភាពបង្ហាញរូបភាពបាន 5K ក្នុងកម្រិតបង្ហាញ 14.7 million pixels អាចបញ្ចេញពន្លឺបាន 600 nits ល្មមសម្រាប់ការប្រើប្រាស់ក្នុងបន្ទប់។ និយាយពីក្នុងបន្ទប់ អេក្រង់នេះមានមុខងារពិសេសមួយហៅថា True Tone ដែលអាចផ្លាស់ប្តូរពណ៌សីតុណ្ហភាព ឲ្យស្របទៅតាមបរិយាកាសជាក់ស្តែងផងដែរ។ លើសពីនេះ នៅផ្ទៃខាងក្រៅរបស់វា ក្រាលដោយបន្ទះការពារចំណាំង ធ្វើឲ្យការមើល និងអានកាន់តែមានភាពងាយស្រួល។ លើសពីនេះ ប្រសិនបើការប្រើប្រាស់ស្ថិតនៅក្នុងបរិយាកាសដែលភ្លឺខ្លាំង Apple ផ្តល់ជម្រើសកញ្ចក់ខាងក្រៅប្រភេទ nano-texture ដែលអាចកាត់បន្ថយចំណាំងបានខ្ពស់ ហើយនៅតែផ្តល់រូបភាពបានល្អ។

ចូលដល់ចំណុចសំខាន់មួយទៀត គឺអេក្រង់នេះបំពាក់មកដោយឈីប A13 Bionic ដែលហាក់ដូចជាលើសលប់បន្តិចសម្រាប់អេក្រង់។ ឈីបនេះដើរតួរនាទីសំខាន់ចំនួនពីរប៉ុណ្ណោះ គឺទី១ គឺប្រើសម្រាប់គ្រប់គ្រងនូវប្រព័ន្ធកាមេរ៉ា Center Stage ដែលមានបំពាន់នៅលើនេះ និងទី២ គឺសម្រាប់គ្រប់គ្រងលើប្រព័ន្ធសំឡេង hi-fi។

ក្រៅពីនេះ វាក៏បំបាក់មកដោយប្រព័ន្ធស្រូបសំឡេង "studio-quality" ដែលមានឧបករណ៍ស្រូបសំឡេងសរុបចំនួន៣គ្រាប់ ធ្វើឲ្យការថតសម្លេង និងនិយាយ Video Callកាន់តែច្បាស់។ កាន់តែពិសេស ឧបករណ៍បំពងសំឡេងនៅលើនេះ មានសរុប៦គ្រាប់បង្កើតបានជាសំឡេងដ៏ពិរោះ ដែល Apple បានប្រកាសថាជាសម្លេងពិរោះមិនធ្លាប់មាននៅលើ Mac ហើយវាក៏គាំទ្រមុខងារ spatial audio ផងដែរ។

ចំពោះការតភ្ជាប់ វាមានរន្ធ USB-C ល្បឿន 10GBps ដែលមានសមត្ថភាពអាចភ្ជាប់អេក្រង់នេះ ទៅកុំព្យូទ័រ ឬក៏អាចបន្ថែមគ្រឿងប្រើប្រាស់ផ្សេងៗបានផងដែរ ដោយប្រើខ្សែរតែមួយនេះ ហើយវាក៏អាចសាកថ្មទៅកុំព្យទ័រក្នុងល្បឿន 96Wទៀតផង។

ចុងក្រោយ គឺតម្លៃខ្លួនរបស់វា Apple បានដាក់លក់ អេក្រង់ 27-inch នេះក្នុងតម្លៃ ១ ៥៩៩ដុលារ សម្រាប់ម៉ូឌែលធម្មតា និងកើនដល់ ១ ៨៩៩ដុល្លារសម្រាប់ម៉ូឌែលដែលបំពាក់ដោយកញ្ចក់ការពារចំណាំង nano-texture។ អេក្រង់នេះត្រូវបានដាក់ឲ្យកុម៉្មង់ទុកមុន ចាប់ពីយប់មិញ ដោយអីវ៉ាន់នឹងដឹកជញ្ជូនចេញនៅថ្ងៃទី១៨ ខាងមុខ៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម