កម្ពុជាបើកយុទ្ធនាការសម្អាតទឹកទន្លេទាំង៣ ដំបូងបំផុតក្នុងរាជធានីភ្នំពេញ ប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបរបស់អាល្លឺម៉ង់

  • 2022-03-18 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជានឹងបើកយុទ្ធនាការសម្អាតទន្លេទាំង៣ ក្នុងរាជធានីភ្នំពេញ របស់អាល្លឺម៉ង់ ជាបេសកកម្មដំបូងដ៏សំខាន់សម្រាប់កម្ពុជា ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការសម្អាតទន្លេ នៅសួនច្បារមាត់ទន្លេមុខ វត្តឧណ្ណាលោម ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឲ្យដឹងថា «យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់» របស់ក្រុមហ៊ុន និងអង្គការអាល្លឺម៉ង់ ជាបេសកកម្ម ដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការប្រឡងប្រណាំងទីក្រុងស្អាតនៅកម្ពុជា។

ឯកឧត្តម ថោង ខុន ក៏បានបញ្ជាក់ ចំពោះយន្តការប្រឡងប្រណាំងទីក្រុងស្អាត ត្រូវបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០១១ ហើយយន្តការវាយតម្លៃផ្តោតលើ «ស្តង់ដាទីក្រុស្អាត» ដែលមាន៧សូចនាករ គោលសំខាន់ៗ ដូចជា ការរៀបចំនិងគ្រប់គ្រងបរិស្ថាន, ភាពស្អាត, ការគ្រប់គ្រងសំណល់, ការបញ្ជ្រាបការយល់ដឹង, តំបន់បៃតង និងខ្សែក្រវ៉ាត់ បៃតង, សុវត្ថិភាពសុខភាពសាធារណៈ សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គ្រប់ទីក្រុងរបស់កម្ពុជា សុទ្ធតែមានទីតាំងជាប់មាត់ទន្លេ ស្ទឹង ឬសមុទ្រ ទាំងអស់។

សូមជម្រាបថា យុទ្ធនាការសម្អាតទន្លេមេគង្គនេះ ធ្វើការសំអាតដោយក្រុមហ៊ុន everwave GmbH និងអង្គការ River Ocean Cleanup របស់អាល្លឺម៉ង់ នឹងប្រើប្រាស់ទូកប្រមូលសំរាម បំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទពេញនិយម