Chiellini នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ហើយ​

  • 2022-04-26 13:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Giorgio Chiellini នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ហើយ​បន្ទាប់​ពី​ការ​ប្រកួត​ CONEMBOL-UEFA Cup of Champions រវាង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ នឹង​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​ នៅ​ទីលាន​អង់គ្លេស​ Wembley Stadium នេះ​បើ​តាម​ការ​បញ្ជាក់​ផ្ទាល់​របស់​កីឡាករ​រូប​នេះ​ទៅ​កាន់សារព័ត៌មាន​ DAZN កាល​ពី​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​។

Chiellini បាន​និយាយ​ថា​៖" ខ្ញុំ​នឹង​ទៅ​លេង​ ហើយ​ក៏​ទៅ​និយាយ​ពាក្យ​លា​គ្នា​ទៅ​ក្រុមជម្រើសជាតិ​របស់​ខ្ញុំ​នៅ​ឯ​ប្រកួត​នៅ​ទីលាន​ Wembly ខាង​មុខ​ផង​ដែរ​ ដែល​ជា​កន្លែង​ដែល​ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​បំផុត​ក្នុង​អាជីព​ជា​ក្រុមជម្រើសជាតិ​ ក៏​ដូច​ជា​អាជីព​ជា​កីឡាករ​ទាំង​ស្រុង​របស់​ខ្ញុំ​ផង​ដែរ​ ព្រោះ​ការ​ធ្លាប់​ជោគជ័យ​នៅ​ទី​នេះ​គឺ​ពិសេស​ណាស់​ "។

ខ្សែការពារ​រូប​នេះ​បន្ត​ថា​៖" ខ្ញុំ​ចង់​និយាយ​លា​គ្នា​ជា​លើក​ចុង​ក្រោយ​នឹង​ក្រុម​ក្នុង​ពេល​យើង​ប្រកួត​ទទួល​បាន​លទ្ធផល​ឈ្នះ​ផង​ដែរ​។ តែ​យ៉ាង​ណា​ច្បាស់​ណាស់​​ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​នឹង​ក្រុម​ជម្រើសជាតិ​ហើយ​។ វា​គួរ​តែ​ដល់​ពេល​ឲ្យ​កីឡាករ​ល្អ​ៗ​លេង​បន្ត​ហើយ​ "។

នៅ​ក្នុង​ឆ្នាំ​នេះ​ Chiellini មាន​វ័យ​ ៣៧ឆ្នាំ​ហើយ​ កីឡាករ​រូប​នេះ​បាន​លេង​ឲ្យ​ក្រុមជម្រើសជាតិ​អ៊ីតាលី​តាំង​ពី​ឆ្នាំ​២០០៤មក ដោយ​ចូល​រួម​លេង​សរុប​បាន​ ១១៦ប្រកួត​ ​ស៊ុត​ចូល​ ៨គ្រាប់ និង​ឈ្នះ​ពាន​ Euro 2020​។

សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ ខ្សែ​ការពារ​រូប​នេះ​ក៏​នឹង​អាច​ចែក​ផ្លូវ​នឹង​ Juventus ដោយ​នឹង​អាច​ផ្លាស់​ទៅ​លេង​នៅ​ MLS ផង​ដែរ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម