Haaland និង​ Pogba ក៏​ដូច​ជា​កីឡាករ​ជា​ច្រើន​ចូល​រួម​រំលែក​ទុក្ខ​ការ​បាត់បង់ លោក Mino Raiola

  • 2022-05-02 13:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mino Raiola កំពូល​ភ្នាក់ងារ​កីឡាករ​ប្រចាំ​បាល់ទាត់​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ បាន​បាត់​បង់​ជីវិត​នៅ​វ័យ​៥៤ឆ្នាំ​ ដោយ​សារ​តែ​បញ្ហា​សុខភាព​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គ្រួសារ​របស់​លោក​ផ្ទាល់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។

ការ​ស្លាប់​របស់​លោក​ត្រូវ​កីឡាករ​ជា​ច្រើន​ដូច​ជា​ Erling Haaland, Paul Pogba, Moise Kean ជា​ដើម​ក៏​ដូច​ជា​ថ្នាក់​នាំ​ក្លឹប​ដូច​ជា​ប្រធាន​ក្លឹប​ Juventus លោក​ Andrea Agnelli ចេញ​សារ​ចូល​រួម​រំលែក​ទុក្ខ​ និង​អរគុណ​ចំពោះ​ស្នាដៃ​របស់​លោក​កន្លង​មក​។

លោក​ Raiola ជា​ភ្នាក់ងារ​កីឡាករ​បស់​ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និង​កំពូល​កីឡាករ​ជា​ច្រើន​រូប​ទៀត​។

ក្នុង​អាជីព​របស់​លោក​ជា​ភ្នាក់ងារ​កីឡាករ​ចាប់​ពី​ឆ្នាំ​១៩៩៣មក​ លោក​ទទួល​ខុស​ត្រូវ​លើ​ចរចា​កុងត្រា​ឲ្យ​កីឡាករ​នានា​សរុប​ ៨៤៧.៧លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៨៤.៧លាន​ដុល្លារ​ពី​ការងារ​មួយ​នេះ​ បើ​យោង​តាម​ Forbes ។

ក្រោយ​លោក​បាន​ស្លាប់​បែប​នេះ​ ក្រុមហ៊ុន​ភ្នាក់ងារ​កីឡាករ​របស់​លោក​នៅ​តែ​បន្ត​ដំណើរ​ការ​ដដែល​ព្រោះ​តែ​​ក្រុមហ៊ុន​នេះ​ជា​លក្ខណៈ​គ្រួសារ​​គឺ​ដំណើរ​ការ​កន្លង​មក​​ដោយ​ចូល​រួម​ពី​សាច់ញាតិ​ និង​មនុស្ស​ជិត​ស្និទ្ធ​របស់​លោក​ផ្ទាល់​។ កីឡាករ​ដែល​បន្ត​ប្រើ​ក្រុមហ៊ុន​ភ្នាក់ងារ​មួយ​នេះ​គឺ​មាន​ដូច​ជា​ Zlatan, Pogba និង​ Haaland ៕

ប្រភព៖ Dailymail | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី