​តាម​ពិត​សហព័ន្ធ​បាល់ទះ​កម្ពុជា​​បាន​​រៀប​ចំ​ផ្លូវ​ដើរ​ចង់​បំបាក់​ថៃ​តាំង​ពី​វគ្គ​ជម្រុះ​មក​ម្ល៉េះ​

  • 2022-05-23 05:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​បណ្ឌិត​ អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​បាន​បង្ហើប​ថា តាម​ពិត​ក្នុង​នាម​សហព័ន្ធ​បាន​គូស​ផ្លូវ​ដើរ​រួច​ហើយ​ ​​មុន​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម ពោល​គឺ​ចង់​បំបាក់​ថៃ​ក្នុង​វគ្គ​ជម្រុះ​​ពូល B ដើម្បី​​ឡើង​ទៅ​ប៉ះ​វៀតណាម​​ ប៉ុន្តែ​អ្វី​ខុស​ការ​គ្រោង​ទុក​​​។

លោក អាំង សេរី​ពិសេដ្ឋ និង​កីឡាករ សឿន ហេង (រូប​ថត​៖ សហព័ន្ធ​កីឡា​បាល់ទះ​​កម្ពុជា)​

​​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា ក្រុម​បាល់​ទះ​កម្ពុជា​​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដោយ​យក​ឈ្នះ​ហ្វីលីពីន ៣-១ នៅ​ប្រកួត​ដំបូង និង​យក​ឈ្នះ​ថៃ​២-០ ក្នុង​ការ​ប្រកួត​ទី​២ ប៉ុន្តែ​កម្ពុជា​បាន​ខក​ខាន​ឱកាស​យក​លេខ​១​ក្នុង​ពូល ដោយ​ចាញ់​ថៃ​៣​សិត​​ចុង​ក្រោយ​វិញ​។ ​ក្នុង​ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​ធ្វើ​ឲ្យ​កម្ពុជា​ឡើង​ទៅ​ប៉ះ​ជើង​ខ្លាំង​ក្នុង​តំបន់​អាស៊ាន ឥណ្ឌូណេស៊ី ​ហើយ​ក៏​​ចាញ់​ក្រុម​នេះ​ធ្លាក់​​​មក​​ប្រជែង​មេដាយ​សំរឹទ្ធ​វិញ​។

​ក្នុង​ការ​ប្រកួត​​នៅ​វគ្គ​ដណ្ដើម​មេដាយ​សំរឹទ្ធ​​​កម្ពុជា​អាច​ធ្វើ​បាន​ ដោយ​យក​ឈ្នះ​ថៃ ៣-២ វិញ និង​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​តែ​យ៉ាង​ណា​លទ្ធផល​នេះ​លោក​អគ្គលេខាធិការ​បាន​បាន​បង្ហើប​ថា តាម​ពិត​កម្ពុជា​បាន​​រៀប​ចំផ្លូវ​ដើរ​តាំង​ពី​វគ្គ​ប្រកួត​ក្នុង​ពូល ដោយ​ធ្វើ​យ៉ាង​ណា​ដាក់​គោលដៅ​​បំបាក់​ថៃ​ឲ្យ​បាន​ក្នុង​ពូល ដើម្បី​យក​លេខ​១​ និង​ឡើង​ទៅ​ប៉ះ​វៀតណាម​ ព្រម​ទាំង​ចុង​ក្រោយ​ប៉ះ​ឥណ្ឌូ​ដណ្ដើម​មេដាយ​មាស​ តែ​យ៉ាង​ណា​កម្ពុជា​បាន​ធ្វើ​ឲ្យ​ខក​ខាន​ទៅ​វិញ​។

​អគ្គលេខាធិការ​ខាង​លើ​បាន​និយាយ​ថា «​​មែនទែន​ទៅ​ជា​ចេតនា​របស់​សហព័ន្ធ​កីឡា​​បាល់ទះ​កម្ពុជា​យើង​​ ដោយ​យើង​ចង់​បំបាក់​ថៃ​នៅ​វគ្គ​​ជម្រុះ​ ដើម្បី​ឈរ​លេខ​១​ទៅ​ជួប​វៀតណាម​​ ហើយ​យើង​មាន​មហិច្ឆតា​ទម្លាក់​វៀតណាម ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ះ​ឥណ្ឌូ​ណេស៊ី។ ​អ្វី​ដែល​យើង​ដឹង​ហើយ​ ឥណ្ឌូណេស៊ី ​មិនមែន​ជា​ប្រទេស​មួយ​ដែល​យើង​មើល​ស្រាល​បា​ន​ទេ​ ព្រោះ​ថា​គេ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​​ច្រើន​ជំនាន់ ហើយ​សូម្បី​តែ​ប្រទេស​​ជិត​ខាង​យើង​ក៏​គេ​រអា​ដែរ​ គ្មាន​អ្នក​ណា​ចង់​ជួប​ឥណ្ឌូណេស៊ី​ទេ​»។

​«​​កីឡាករ​​ឥណ្ឌូណេស៊ី​គេ​ឈាន​ដល់​កម្រិត​ពិភព​លោក​ហើយ ព្រោះ​អី​​ការ​ប្រកួត​ធំ​ៗ​តែ​ង​មានមុខ​ពួក​គេ​ប្រកួត​រហូត​​​មក​។ ​ប៉ុន្តែ​ក្នុង​នាម​សហព័ន្ធ​​​ ថ្នាក់​ដឹក​នាំ​ និង​កីឡាករ​មិន​មាន​​ការ​ខ្លាច​អ្វី​នោះ​ដែរ ​​តាម​ការ​មើល​ឃើញ​​រហូត​មក​ដល់​ពេល​នេះ​កីឡាករ​យើង​មិន​ដូច​ពី​មុន​ទេ​ ​ពួក​គេ​មាន​​​ទឹក​ចិត្ត​ប្រយុទ្ធ​ស្រួចស្រាល់។ ពីមុន​ពេល​ប៉ះ​ប្រទេស​ដែល​ធ្លាប់​​ឈ្នះ​ខ្លួន និង​ពិសេស​ប្រទេស​ខ្លាំង​ៗ​អី​គឺ​​កីឡាករ​យើង​បាក់​តែ​ម្ដង​​ តែ​ពេល​នេះ​អត់​ទេ​»។

​រំលឹកថា ក្រុម​បាល់ទះ​កម្ពុជា នឹង​មក​ដល់​ទឹក​ដី​កំណើត​វេលា​ម៉ោង​៣​រសៀល​នេះ​ ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម​ដែល​បញ្ចប់​ទៅ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ជូន​ជាតិ​៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម