ដំណឹង​ល្អ សម្តេចតេជោ បញ្ជា​ឲ្យ​ចេញ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់​នៅ​តាម​មាត់​បឹង​ទន្លេសាប ប្រសិន​ពួកគាត់​អាស្រ័យ​ផល​គ្រប់​ឆ្នាំ​ដែល​បាន​កំណត់

  • 2022-05-27 05:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សារ​ពិសេស​នា​ព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ថ្នាក់​ដឹកនាំ​ខេត្ត ពិនិត្យ​មើល​ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​បឹង​ទន្លេសាប ដោយ​ត្រូវ​ចេញ​កម្មសិទ្ធិ​ជូន​ពួក​គាត់ ប្រសិន​បើ​ពួក​គាត់​អាស្រ័យ​ផល​យូរ​ឆ្នាំ​ហើយ។

នេះ​គឺ​ជា​ខ្លឹមសារ​ដែល​មាន​ក្នុង​សារ​ពិសេស ដែល​សម្ដេចតេជោ ធ្វើ​ឡើង​ព្រឹក​នេះ សម្រាប់​ប្រជាពល​រដ្ឋ​ដែលរស់នៅជុំវិញបឹងទន្លេសាប ឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការអភិរក្ស ការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ តំបន់បឹងទន្លេ​សាបចែកចេញជា៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។

ចំពោះ​ការ​អនុវត្ត សម្តេចតេជោ បានមានប្រសាសន៍​ថា តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ គឺ​ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហានេះ ត្រូវគិតលើគោលការណ៍សំខាន់៣​ទៀត ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។

ដូច្នេះ​ហើយ សម្តេចតេជោ បាន​ណែនាំទៅដល់ខេត្តទាំង៦ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ សម្តេចតេជោក៏បានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពល​រដ្ឋដែលរស់នៅជាក់ស្តែង​ថែម​ទៀត​ផង។

ជាមួយ​គ្នា សម្តេចក៏បានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ក្នុង​នោះ សម្តេច ក៏បានណែនាំអោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នេះជាពិសេសបានណែនាំឱ្យរៀបចំជាបង្គោលធំៗនៅតាមព្រំប្រទល់ដែលត្រូវបែងចែកតំបន់បឹងទន្លេសាបនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា "ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យ​ផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយ​រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប"។

ដោយ​ឡែក​ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួង​ធនធាន​ទឹក ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូបស្តាឡើងវិញ។

យ៉ាងណា សម្តេចតេជោ បានសង្កត់​ធ្ងន់​ថា ផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយ៉ាង​តិច ១០ ឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ ហើយ​ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ​ទៀត​សោត គឺជាដីដែល​មិន​លិចទឹក ហើយ​អាចឲ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល។ ជាមួយ​គ្នា សម្ដេច​នាយក​រដ្ឋមន្ត្រី បានសុំអោយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម