បើ​មើល​លើ​តួ​លេខ​នេះ​ឡានអគ្គិសនី​នៅ​ខ្មែ​រ​ កំពុង​រីក​ដូច​ផ្សិតហើយ​បន្តិច​ទៀត​ឃើញ​ពេញ​ដង​ផ្លូវ​

  • 2022-05-30 04:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមរយៈពេលប្រាំ​ខែដើមឆ្នាំ ២០២២ នេះមាន យានយន្តអគ្គិសនី បានមកចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន ៨៤ គ្រឿង ត្រូវបាននាំចូល បើធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំ ២០២១ ដោយមានយានយន្តអគ្គិសនីត្រឹមតែ ៩ គ្រឿងប៉ុណ្ណោះ គឺ​មានការកើនឡើងប្រមាណជាង ៨០០% ​បើ​មើល​​លើទំនោរ​​​អ្នក​ប្រើប្រាស់​រថយន្ត​អគ្គិសនី គេ​រំពឹង​ថា​​នឹង​បន្ត​កើន​​ឡើង​បន្ថែម​ទៀត​​ ខណៈដែល​ចំនួន​​នេះ​នៅមិន​ទាន់រាប់​​បញ្ចូល​ទាំង​រថយន្ត​អគ្គិសនី​កំពុង​បរ​លើ​ដង​ផ្លូវ​ដែល​មិន​ទាន់​ចុះ​បញ្ជី​ផ្លូវការ​ផង ដូចនេះ​បើ​មើល​លើ​តួ​លេខ​​ឡានអគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ឃើញ​មានបរ​ពេញ​ដង​ផ្លូវ​នា​ពេល​អនាគត​ដ៏​ខ្លី​។​

រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន BYD Cambodia

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា​៖ «ចំនួនប្រាំ​ខែឆ្នាំ២០២២នេះ យើងមាន៨៥ គ្រឿង បើប្រៀបនឹង៥ខែឆ្នាំ ២០២១ យើងមានតែ៩ គ្រឿងទេ ដូច្នេះមានការកើន ឡើងជាង៨០០ភាគរយ កើនសម្បើមណាស់ នេះជាការមួយដែលយើងពេញចិត្ត យើងសប្បាយចិត្ត ដែលបានឃើញរថយន្តច្រើន ដែល​ប្រើដោយអគ្គិសនីមានការកើនឡើងច្រើន»។

ជាមួយ​គ្នា​នោះ​ដែរ​នៅក្នុងឆ្នាំ ២០២២ នេះ​ក្រសួងបានសហការជាមួយអង្គការ UNDP និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរការទីតាំង​​​​សាកយាន​​​​យន្តអគ្គិសនីមួយចំនួនក្នុងនោះរួមមាន៖ ៤ ទីតាំងត្រូវបានគាំទ្រដោយអង្គការUNDP និងទីតាំង​មួយ​កន្លែង​ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា។ ក្រសួងក៏កំពុងសហការជាមួយអង្គការUNDPផងដែរ ក្នុងការសិក្សា ​និងចងក្រងផែនទីចង្អុលផ្លូវ​​​​ស្តីពីហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនឹងកំណត់ អំពីទីតាំងជាក់លាក់ លក្ខខណ្ឌនៃការរៀបចំស្ថានីយ​​​​បញ្ចូលថាមពលដើម្បីស្វែងរកដៃគួវិនិយោគ និងពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលទូទាំងប្រទេសកម្ពុជា។

ចំណត​សាក​ភ្លើង​នៅ​ស្ថានីយប្រេងឥន្ទនៈ Caltex ម្ដុំ​ព្រៃ​ស​

គិត​មក​ទល់​ពេលនេះ ​​​កម្ពុជា បាន​ដំឡើង​ស្ថានីយ​សាក​ថ្ម​រថយន្តអគ្គិសនី​​​នៅ​លើ​ទីតាំង​ចំនួន​បួន​រួច​មក​ហើយដែល​មាន​ដូចជា ចំណតដំបូង​គេ​នៅ​កម្ពុជា នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ចំណែកឯ​ចំណតទីពីរ ដំឡើង​នៅ​​សាខាទី ៥០ នៃស្ថានីយប្រេងឥន្ទនៈ Caltex ​ចំណតទីបី ដំឡើង​នៅ​មុខផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ ចំណតទីបួន​នៅ​ក្នុងទីរួមក្រុងបាត់ដំបង និង​ចំណតនៅ​ទីតាំង​ដទៃទៀត​កំពុង​សាងសង់ជាបណ្ដើរៗផងដែរ៕

អត្ថបទទាក់ទង៖

-បើកំពុងជិះឡានអគ្គិសនីនៅខ្មែរ អាច​ទៅ​​បី​​កន្លែង​​នេះ​ដើម្បី​សាក​ភ្លើង​

-ឡាន​អគ្គិសនីនៅ​ខ្មែរយើង​ថ្ងៃអនាគតនឹង​មាន​ App ដឹង​​ចំណត​សាកថ្ម​ទំនេរ​ឬ​​មិន​ទំនេរ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី