ឆ្នាំ​មុន​ជាប់​លេខ​៧ ឆ្នាំ​នេះ Salah សង្ឃឹម​នឹង​ទទួល​បាន​ពាន Ballon d’Or

  • 2022-06-13 03:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mohamed Salah របស់​ Liverpool បាន​​និយាយ​ថា គេ​ភ្ញាក់ផ្អើល​សម្រាប់​​ការ​​ជាប់​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​ការ​ប្រជែង​ពាន Ballon d’Or ឆ្នាំ​មុន​ ហើយ​ឆ្នាំ​​នេះ​គេ​សង្ឃឹម​នឹង​អាច​ឈ្នះ​វា​ជា​លើក​ដំបូង។

ពាន​រង្វាន់​ Ballon d’Or ត្រូវ​បាន​ឈ្នះ​​ដោយ Lionel Messi ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ ហើយ Robert Lewandowski ជាប់​លេខ​ពីរ ខណៈ Jorginho ស្ថិត​នៅ​លេខ​បី។ Salah បាន​និយាយ​ថា គេ​ពិត​ជា​ភ្ញាក់ផ្អើល​​ជាមួយ​ចំណាត់​ថ្នាក់​​​របស់​គេ ប៉ុន្តែ​​សង្ឃឹម​ខ្ពស់​នឹង​ក្លាយ​ជា​កីឡាករ​អាហ្រ្វិក​ដំបូង​បន្ទាប់​ពី​លោក George Weah ក្នុង​ការ​ឈ្នះ​ពាន Ballon d’Or នៅ​ចុង​ឆ្នាំ​នេះ។

ប្រាប់​សារព័ត៌មាន L’Equipe កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​​​និយាយ​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​វា ( Ballon d’Or) ដើម្បី​ចូលរួម​ជាមួយ George Weah ដែល​ជា​កីឡាករ​អាហ្រ្វិក​​តែ​ម្នាក់​គត់​ធ្លាប់​ឈ្នះ​កាល​ឆ្នាំ​១៩៩៥។ វា​​ជា​ការ​ពិត​ ខ្ញុំ​ភ្ញាក់ផ្អើល​​នូវ​ចំណាត់​ថ្នាក់​របស់​ខ្ញុំ​កាល​ពី​ឆ្នាំ​២០២១(​ជាប់​លេខ​៧)។ សម្រាប់​ឆ្នាំ​នេះ ការ​បរាជ័យ​ទល់​នឹង Real Madrid ជា​គុណវិបត្តិ​​មួយ បើ​ទោះ​បី​​ជា​ខ្ញុំ​លេង​បាន​ល្អ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ។ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ឈ្នះ Ballon d;Or ក្នុង​ឆ្នាំ​២០២២​នេះ​ទេ ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ឈ្នះ​វា​ពេល​ក្រោយ”។

Salah រដូវ​កាល​២០២១-២២ រក​បាន​៣១​គ្រាប់​និង​បោះ​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥១​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Liverpool។ គេ​បាន​ជួយ​ហង្សក្រហម​ឈ្នះ​ពាន​២​គឺ FA Cup និង League Cup ប៉ុន្តែ​របូត​ពាន Premier League និង Champions League៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី