កុំច្រឡំថាសម្ដែង! ណុប បាយ៉ារិទ្ធ និង សុខ សីឡាលីន ណែនទ្រូងទប់មិនជាប់យំនៅមុខបេក្ខជនប្រឡង

  • 2022-06-13 04:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​សប្ដាហ៍ថ្មីនៃកម្មវិធី Cambodian Idol នៅតែមាន​ការ​គាំទ្រ និងចូលទស្សនាការ​ផ្សាយផ្ទាល់ច្រើនដដែល ពីសំណាក់ប្រិយមិត្តអ្នក​ប្រើបណ្ដាញសង្គម។ បេក្ខភាព​ដែល​ចូលរួមក៏មិនចាញ់សប្ដាហ៍មុន ហើយក៏មាន​អ្នកទទួល​ជោគជ័យ​ច្រើន​គួរសម​មិនចាញ់សប្ដាហ៍មុនៗទេ។

ជាក់ស្ដែង​ក្នុងចំណោម អ្នកដែល​ធ្វើបាន​ល្អទាំងអស់ គ្រប់គ្នា​ចាប់អារម្មណ៍លើបេក្ខជន​ ២ រូប ដែលដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ណុប បាយ៉ារិទ្ធ និង សុខ សីឡាលីន យំនៅពីមុខ ការ​បង្ហាញ​សមត្ថភាព​របស់អ្នក​ចូលរួម​ប្រកួត។

១. វណ្ណ លីហួ

ជារឿងសោកសង្រែងខ្លាំង ពេលដឹង​ថា លីហួរ មក​ប្រឡងចម្រៀង ទាំង​ដែលខ្លួនកំពុង​ជួប​ទុក្ខធំ ដោយសារបងប្រុសទើប​បាត់បង់ជីវិត ដោយសារតែឆក់ខ្សែភ្លើង។ ប្រការនេះហើយ ដែល​ធ្វើឲ្យគណៈកម្មការទាំង មាន​ការអាណិត ហើយសរសើរនូវភាពរឹងមាំ ដែល​បេក្ខជនរូបនេះ អាច​ឈរ​បង្ហាញសមត្ថភាព​នៅពេល​នេះ​បាន។ សាច់រឿងពីក្រោយជារឿងមួយ ប៉ុន្តែអ្វីដែល​កាន់តែរំជួលចិត្ត គឺ​នៅ​ពេល​ដែល លីហួរ​លើកយក​បទ «គេង» មកច្រៀង។

បទ​នេះ​បង្កប់នូវអត្ថន័យខ្លឹមសារបែប​ស្រណោះ ធ្វើឲ្យលោក ណុប បាយ៉ារិទ្ធ យំ​ទាល់តែបាន ហើយក៏ជា​រូបភាពកម្រ ព្រោះ​ពីមុន គេ​ស្ទើរមិន​ដែល​ឃើញលោកយំនៅក្នុងកម្មវិធីបែបនេះទេ។ ពេល​បេក្ខភាពរូបនេះ​ច្រៀងចប** បាយ៉ារិទ្ធ​** និយាយថា៖ «លីហួរធ្វើបានល្អ… បងទៅជាស្ដាប់ទៅ វាអត់ចូលទៅន័យស្នេហាសោះ បងទៅជាមានអារម្មណ៍ថា...ប្អូនខ្លួនឯងក្នុងពេល​ហ្នឹងដូចជា ដើរតួជាបងប្រុសខ្លួនដែលកំពុងលួងលោមប្អូន» និយាយបាន​ត្រឹមនេះ លោកក៏យំតែម្ដង។ ពេលសម្រួល​អារម្មណ៍បាន​ហើយ Judge រូបនេះ​បន្តថា ដោយសារខ្លួនជាបងគេក្នុងគ្រួសារ ដូច្នេះ​បទនេះ​ពេល​ស្ដាប់ហើយលោកពិតជាក្ដុកក្ដួលខ្លាំង ពិសេស​យល់អារម្មណ៍ពីការបាត់បង់មនុស្សជាទីស្រឡាញ់។

ទោះជាយ៉ាងណា ងាក​មក​លទ្ធផល​វិញ លីហួរ ធ្វើបានល្អ រហូត​អាច​ទទួល​ពាក្យ "YES” ដល់ទៅ ពីគណៈកម្មការ ហើយអាចឈានទៅវគ្គ​បន្ត។

២. លី ប៊ីលី

យុវជន​វ័យក្មេងរូបនេះ​ បាន​ឡើងមក​សម្ដែង​សមត្ថភាពជាមួយនឹងហ្គីតា​ ដោយជ្រើសយកបទ «មនុស្សប្រុសពេល​យំអាក្រក់មើលណាស់» របស់លោក នី រតនាប៊ីលី ធ្វើ​បាន​ល្អ ទាំង​មនោសញ្ចេតនាក៏ស៊ីនឹង​បទ ទាំង​សំឡេង​ក៏មិនអន់ ពិសេស​ទឹក​ដៃលេងហ្គីតារបស់បេក្ខភាពរូបនេះ​ ក៏ជារឿង​មិនអាចមើលរំលងបាន។

ទោះជាយ៉ាងណា កត្តាដែលអង្រួនចិត្ត គណៈកម្មការ សុខ សីឡាលីន ដល់ថ្នាក់ស្រក់ទឹកភ្នែក នោះក៏ព្រោះ ខ្លួន​ជា​មនុស្សម្នាក់ដែលចូលចិត្តមនុស្សប្រុសដែល​លេងហ្គីតា ហើយកាយវិការនេះ​ធ្វើឲ្យនាង​នឹក​ដល់ឪពុកដែលទើប​ទទួល​មរណភាព​ ហើយសំខាន់ លោកក៏ជាតន្ត្រីករពូកែ​ខាងឧបករណ៍ ហ្គីតាដែរ។ ប៊ីលី ធ្វើបាន​ល្អ ហើយលទ្ធផលក៏ត្រូវ​តែទទួល​បាន​ជាទីគាប់ចិត្តដូចគ្នា ដូច្នេះ​លោកក៏ត្រូវគណៈកម្មការព្រមទទួលទៅវគ្គបន្ត៕

អត្ថបទ៖ យី សុធារី