សម្តេចតេជោ៖ ត្រូវ​ចាំ ត្រូវ​រំលឹក​​ខ្លួន​ឯង​ថា មន្ត្រី ជា​អ្នក​បម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រឡើយ!

  • 2022-06-13 05:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងឱកាស អញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី «ដាស់តឿន និងផ្តាំផ្ញើទៅដល់មន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេសកម្ពុជាត្រូវរំលឹកខ្លួនឯងជាប្រចាំ ថាខ្លួនជាមន្ត្រីត្រូវតែធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចាហ្វាយរបស់ប្រជាពលរដ្ឋឡើយ។»

សម្តេចបានគូសបញ្ជាក់ថា «សូមមន្ត្រីទាំងអស់ត្រូវក្តាប់ចំណុចនេះឲ្យបាន ហើយជានិច្ចជាកាល ត្រូវតែរំលឹកខ្លួនជាអ្នកបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ ហើយត្រូវទុកការបម្រើប្រជាពលរដ្ឋជាគោលដៅដែលខ្លួនត្រូវតែធ្វើ បើអ៊ីចឹងមិនបាច់មកធ្វើជាមន្ត្រីនោះទេ ត្រូវចាំ!។ »

ដូចគ្នានេះដែរសម្តេចតេជោបានសង្កត់ធ្ងន់ថា មិនមែនតែនៅប្រទេសកម្ពុជាទេ នៅលើពិភពទាំងមូលបានដាក់ចេញនូវសកម្មភាពដែលយកប្រជាជនធ្វើជាស្នូល ឯកម្ពុជាវិញ ក៏ត្រូវតែយកប្រជាជនជាគោលដៅអាទិភាពដែលត្រូវបម្រើ ពោលគឺបញ្ហារបស់ប្រជាជនខ្មែរ មិនមែនជាបញ្ហាតូចតាចនោះឡើយ គឺជាបញ្ហារបស់មន្ត្រីដែលត្រូវតែដោះស្រាយជូនពួកគាត់។

នៅក្នុងឱកាសនោះសម្តេចក៏បានក្រើនរំលើកផងដែរថា កន្លងមកក៏ធ្លាប់មានអ្នកថាឲ្យសម្តេច សូម្បីតែរឿងកំប៉ិកកំប៉ុក ក៏ចូលរួមលូកដៃដែរ ជាក់ស្តែងកំឡុងពេលជួបសំណេះសំណាលជាមួយសិស្សឆ្នើមនិន្ទេស A ផ្ទាល់តែងមានពាក្យសម្តីថា គ្រាន់តែរឿងបែបហ្នឹង ហេតុអ្វីចាំបាច់មកជួបធ្វើអ្វី មិនទុក ឲ្យរដ្ឋមន្រ្តីអប់រំជាអ្នកធ្វើទៅ។

ទាក់ទិនជាមួយចំណុចនេះ សម្តេចបានមានប្រសាសន៍បន្ថែមថា ជានាយករដ្ឋមន្ត្រីទោះបីជាការងារតូចតាចក៏ត្រូវតែធ្វើដែរ សូមកុំចាត់ទុករាស្ត្រជាបញ្ហាតូចតាច រឿងធំក៏ត្រូវតែធ្វើ ទោះរឿងតូចក៏ត្រូវតែធ្វើដែរ។ ជាចុងក្រោយសម្តេចក៏សូមអំពាវនាវ និងរំលឹកដល់មន្ត្រីគ្រប់រូប សូមកុំភ្លេចខ្លួនឲ្យសោះថា ខ្លួនឯងនរណា មន្ត្រីត្រូវតែបម្រើប្រជារាស្រ្តដោយស្មោះត្រង់ មិនមែនជាចៅហ្វាយខ្សែលើរាស្ត្រនោះឡើយ សូមកុំក្បត់ឧត្តមគតិខ្លួនឲ្យសោះ៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ