នេះ​ជាឡាន​ថ្មីបែប Crossover របស់ Toyota កែរាង​ខុសពីស៊េរីមុនដាច់

  • 2022-06-21 03:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota ត្រៀម​ចេញ​រថយន្ត​ថ្មីរបស់ខ្លួន​ជាប្រភេទ Crossover នោះ​គឺជា​ម៉ូដែល Crown ឆ្នាំ​២០២៣ ដែល​មាន​រូបរាងដ៏ទំនើប​បំផុត​មួយ​ក្នុងចំណោម​រថយន្ត​របស់​ Toyota ពោលគឺកែរាងថ្មីខុសពីស៊េរីមុនតែម្តង។ នេះ​បើតាម​រូបភាព​ប៉ាតង់​ដែល​បាន​លេចធ្លាយ​នៅលើ​បណ្តាញ​អនឡាញ​ថ្មីៗនេះ។

បើតាម​រូបភាព​នេះ បង្ហាញ​ថា វា​ដូច​នឹង​រូបគំរូ​ឌីហ្សាញ​ដែល​គេបង្ហោះ​កន្លងមកដែរ ប៉ុន្តែខុសគ្នាត្រង់ប៉ាណា​បន្តិច។

រថយន្ត​ថ្មីនេះ អាច​​នឹង​ស្ថិតនៅ​ក្រោម​ឈ្មោះ Crown Cross ដូចម៉ូដែល​ Toyota ផ្សេងទៀតដែរ និង​ត្រូវបាន​អភិវឌ្ឍ​លើគ្រោង​ឆ្អឹង TNGA-K ដែល​មាន​ទាំងជម្រើស​ប៉ុង១ និងប៉ុង២។

យោងតាម​វេបសាយជប៉ុន Best Car ឱ្យដឹងថា រថយន្តនេះ មានប្រវែង ៤៩៣០មម និង​កម្ពស់ ១៥៤០មម។ ចំណែក​ម៉ាស៊ីន​វា​វិញ ទំនង​ជាប្រើ​​ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ដំណើរការ​ជាមួយ​ប្រអប់​លេខ CVT និង​មាន​ជម្រើស​ម៉ាស៊ីន​ទាក់បូ ចំណុះ ២,៤លីត្រ ជាមួយ​ប្រអប់លេខអូតូ ៦វគ្គ។

​Toyota Crown ស៊េរីថ្មីនេះ ត្រូវបាន​គេ​ដឹង​នាពេលកន្លងមក​ថា វា​នឹង​ត្រូវដាក់​លក់​នៅ​អាមេរិកខាងជើង (អាមេរិក និងកាណាដា) និង​ប្រទេសចិន អំឡុងឆ្នាំ​២០២៣។ វា​ក៏នឹងមាន​ជម្រើស​ប្រើ​អគ្គិសនីសុទ្ធ​សម្រាប់​ទីផ្សារអឺរ៉ុប ក្នុងឆ្នាំ​២០២៤។ ប៉ុន្តែបើតាម​រូបភាព​លេចធ្លាយ និង​របាយការណ៍ថ្មីៗ បែរជាបង្ហាញថា Toyota នឹង​ដាក់លក់​តែនៅ​អាមេរិកខាងជើង ក្នុងអំឡុងខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម