ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន Western Union ដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមអេស៊ីលីដាម៉ូបាល

  • 2022-06-23 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាស សហការជាមួយក្រុមហ៊ុន វ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសលំដាប់ពិភពលោក ដើម្បីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង២០០ប្រទេសនៅទូទាំងសកលលោក។

ឥឡូវនេះ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដល់ក្រុមគ្រួសារនៅក្រៅប្រទេសបានគ្រប់ពេលវេលា ដោយពួកគាត់អាចធ្វើការផ្ទេរ និងទទួលប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេស ទូទាំងសកលលោក។អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ អេស៊ីលីដា ឬ គណនីវ៉លឡេតរបស់ពួកគេ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ (Money Transfer Control Number “MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ អេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំងដែលបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ និងគណនីវ៉លឡេត អេស៊ីលីដា”។

ដូចគ្នានេះដែរបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា “កិច្ចសហប្រតិបត្តិការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែងសាច់ប្រាក់របស់ពួកគាត់តាមមធ្យោបាយដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។

ចំណែក លោក Jeffrey Navarro ប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានមានប្រសាសន៍ថា “ស្ថាប័នយើងរីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន។

ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”។