ត្រៀមលុយឲ្យហើយទៅ! ខេត្តព្រះសីហនុ នឹងបង្កើតសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ធំបំផុតនៅកម្ពុជា

  • 2022-06-24 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ កាលពីពេលកន្លងទៅបានអញ្ជើញបើកកិច្ចប្រជុំ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍ដ៏អស្ចារ្យបំផុតនៅលើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ។

គម្រោង សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រ គឺក្រុមហ៊ុននឹងរៀបចំរួមមាន ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោងជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។

ដោយពិនិត្យឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ទើបក្រុមហ៊ុនសម្រេចស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាមេរិក។

គម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ គឺមានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ ក្រុងព្រះសីហនុ ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។

ដូចគ្នានេះដែរ បន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តម គួច ចំរើន បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍ ដ៏អស្ចារ្យនេះ ព្រោះកីឡាទេសចរណ៍លើទឹកនេះជាផលិតផល ទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ទាំងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត នៅខេត្តព្រះសីហនុកាន់តែច្រើន។

តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ចសង្គម និងចំនួនភ្ញៀវមកកំសាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈបច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវ និងផលប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបន្ត។

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម